បាល់ទាត់៖ ក្រុមជើងឯកលីគ ៤សម័យបឹងកេតអែហ្វស៊ីសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញបានរៀបចំការប្រកួតពានរង្វាន់យុវជន ៧មករា ឆ្នាំ២០២២ ចំនួន ៣កម្រិតអាយុដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ពានរង្វាន់យុវជននេះរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា និងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈការបង្កើតភាពសប្បាយរីករាយ បណ្ដុះភាពក្លាហាន និងស្មារតីស្រលាញ់កីឡាដល់កុមារ ពិសេសស្វែងរកក្មេងៗមានទេពកោសល្យយកមកបណ្ដុះបណ្ដាល និងជួយសម្រេចក្ដីសុបិន្ដចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ។ ការប្រកួតនេះចែកចេញជា ៣កម្រិតអាយុរួមមានអាយុក្រោម ១០ឆ្នាំមាន ៤ក្រុមចូលរួម, អាយុក្រោម ១២ឆ្នាំមាន ៥ក្រុមចូលរួម និងអាយុក្រោម ១៥ឆ្នាំមាន ៨ក្រុមចូលរួម ដែលការប្រកួតធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីចុងសប្ដាហ៍កន្លងទៅ។
សម្រាប់ក្រុមទទួលបានជ័យលាភីគឺទទួលបានពានមួយ អមជាមួយមេដាយ និងសម្ភារៈកីឡាមួយចំនួនរួមមានឯកសណ្ឋានកីឡា និងបាល់ជាដើម។ ក្នុងការប្រកួតពានរង្វាន់យុវជន ៧មករា ឆ្នាំ២០២២ នេះដែរមានការអញ្ជើញចូលរួមពីលោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាងឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ, លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតក៏ដូចជាឯកឧត្តម កែប ជុតិមា តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជាកីឡាករកិត្តិយសក្លិបបឹងកេតផងដែរ៕
អត្ថបទ៖ លី ឈុនឡា