បាត់ដំបង៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យ និងវាយតម្លៃគុណភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ដែលមានចម្ងាយ៥៤គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបងដោយធ្វើដំណើរតាមផ្លូវទឹកដងស្ទឹងសង្កែ។
បន្ទាប់ពីបានចុះពិនិត្យទៅលើសំណង់ព្រះវិហារ សាលាបាលី និងសាលាឆាន់រួច ក្រុមការងារអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយព្រះចៅអធិការវត្តព្រះនាម ច្រឹង ស៊ីវី និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ហើយបានឯកភាពគ្នាធ្វើការអភិរក្សសំណង់បេតិកភណ្ឌ និងជួសជុលជាបន្ទាន់ ដើម្បីប្រែក្លាយទៅគោលដៅផលិតផលទេសចរណ៍បែបជំនឿសាសនារួមមានសក្ការដ្ឋានពុទ្ធសាសនា ,អភិរក្សសំណង់បេតិកភណ្ឌដែលមានតម្លៃជាប្រវត្តិសាស្ត្រ,បង្កើនសក្តានុពលទេសចរណ៍បែបជំនឿព្រះពុទ្ធសាសនាក្នុងតំបន់ និងកែលម្អសោភ័ណភាពសំណង់បេតិកភណ្ឌដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
សូមជម្រាបថា វត្តឈើខ្មៅ គឺជាទីអារាមដែលមានអាយុកាលរាប់រយឆ្នាំកំពុងសម្ងំលាក់ខ្លួន នៅកណ្ដាលព្រៃរនាមដៃបឹងទន្លេសាប ត្រូវបានសាងសង់នៅលើទីទួលអណ្ដែតកណ្ដាលផ្ទៃទឹក។ វត្តមួយនេះមានទីតាំងស្ថិតនៅក្នុងភូមិកោះជីវាំង ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយភូមិទ្រាយ ឃុំពោធិ៍ទ្រាយ ស្រុកពួក ខេត្តសៀមរាប។ វត្តឈើខ្មៅគឺជាឈ្មោះដែលគេតែងតែហៅតៗគ្នា ដោយសារតែនៅទីនោះ មានព្រះវិហារមួយត្រូវបានគេសាងសង់ឡើងនៅឆ្នាំ ១៨៨៧ ពីរុក្ខជាតិឈើខ្មៅ។ លក្ខណៈពិសេសមួយទៀតនៃវត្តនេះគឺ មានសាលាបាលីមួយសង់ពីឈើ ប្រក់ស័ង្កសីមានបីជាន់ និងមានអាយុកាលជាង៦០ឆ្នាំផុសនៅលើផ្ទៃទឹក។ សព្វថ្ងៃនេះសាលាបាលីនេះ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងពិបាកក្នុងការចូលទៅទស្សនានៅខាងក្នុង ដោយសារតែឈើខ្លះមានភាពពុកផុយអាចប្រឈមនឹងគ្រោះថ្នាក់។ដើម្បីទៅទស្សនាវត្តឈើខ្មៅ ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរតាមម៉ូតូឬទូកម៉ាស៊ីន។ ពេលដែលកំពុងធ្វើដំណើរតាមទូក យើងបានឃើញនូវផ្ទាំងទស្សនីយភាពស្អាតៗជាច្រើនដែលកម្រ នឹងបានឃើញ ដូចជាផ្ទះបណ្ដែតទឹកតូចៗនៅតាមដងស្ទឹងសង្កែរួមជាមួយការប្រកបរបរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ក៏ដូចជាទេសភាពស្អាតៗជាច្រើនទៀត ដែលមិនធ្វើឱ្យលោកអ្នកខកបំណងឡើយ៕