កូរ៉េខាងត្បូង នឹងរៀបចំកិច្ចពិភាក្សាពាណិជ្ជកម្មកម្រិតខ្ពស់ជាមួយសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា ខាងមុខនេះ ក្នុងការបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងលុបបំបាត់របាំងពន្ធ ដោយថ្លឹងថ្លែងនូវសម្បទានមានលក្ខណៈរសើបផ្នែកនយោបាយ ដែលអាចផ្លាស់ប្តូរទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក Koo Yoon-cheol ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ (២២ កក្កដា) នេះថា រូបលោក និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Yeo Han-koo នឹងជួបជាមួយសមភាគីអាមេរិករបស់ពួកគេ គឺលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ និងតំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ក្នុងទម្រង់កិច្ចប្រជុំ ដែលគេហៅថា "២បូក២" នៅទីក្រុងវ៉ាស៊ីនតោន។
ទីក្រុងសេអ៊ូល កំពុងប្រឹងប្រែងជំរុញផ្នែកការទូតនៅប៉ុន្មានថ្ងៃចុងក្រោយ មុនថ្ងៃផុតកំណត់ថ្ងៃទី០១ ខែសីហា នៅពេលដែលពន្ធ ២៥% របស់លោកប្រធានាធិបតី Donald Trump លើទំនិញកូរ៉េខាងត្បូង ត្រូវបានកំណត់ឱ្យចូលជាធរមាន។
ខណៈដែលមិនទាន់មានសំណើផ្តល់ជូនជាផ្លូវការឱ្យអាមេរិក សម្បទានកសិកម្មបានលេចចេញជាជម្រើសមួយក្នុងចំណោមជម្រើសមួយចំនួនដែលកូរ៉េខាងត្បូងកំពុងពិចារណា។ កិច្ចប្រឹងប្រែងកន្លងមកក្នុងការបើកទីផ្សារសាច់គោ បានបង្កឱ្យមានការតវ៉ាទូទាំងប្រទេស ហើយវិធានការណាមួយលើអង្ករក៏អាចប្រឈមមុខនឹងការតស៊ូកាន់តែខ្លាំងផងដែរ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការចរចាពន្ធនេះមានហានិភ័យខ្ពស់ណាស់សម្រាប់កូរ៉េខាងត្បូង ដែលការនាំចេញគ្របដណ្ដប់ជាង ៤០% នៃ GDP កាលពីឆ្នាំមុន៕

