រដ្ខមន្ត្រីក្រសួងយុត្តិធម៌វេណេហ្ស៊ុយអេឡា លោក Tarek Saab កាលពីថ្ងៃចន្ទ (ទី២១ ខែកក្កដា) បាននិយាយថា ការិយាល័យរបស់លោក នឹងស៊ើបអង្កេតប្រធានាធិបតីអ៊ែលសាវ៉ាឌ័រ លោក Nayib Bukele និងមន្ត្រី ២នាក់ទៀត ជុំវិញការចោទប្រកាន់ ដែលថា បានរំលោភបំពានលើជនជាតិវេណេហ្ស៊ុយអេឡាដែលត្រូវបានឃុំខ្លួន នៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ។
ពលរដ្ឋវេណេហ្ស៊ុយអេឡាជាង ២៥០នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដ៏ល្បីល្បាញ CECOT របស់ប្រទេសអ៊ែលសាវ៉ាឌ័រ បានវិលត្រលប់ទៅវេណេហ្ស៊ុយអេឡាវិញ កាលពីថ្ងៃទី១៨ ខែកក្កដា ក្រោមលក្ខខណ្ឌនៃការដោះដូរអ្នកទោសដែលបានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។

លោក Saab បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជាប់ឃុំ ដែលបានរងនូវការរំលោភបំពានផ្នែកសិទ្ធិមនុស្ស រាប់ចាប់ពីការរំលោភបំពានផ្លូវភេទ រហូតដល់ការវាយដំរាងកាយ ត្រូវបានគេបដិសេធមិនឲ្យទទួលបានការថែទាំវេជ្ជសាស្រ្ត ឬព្យាបាលដោយមិនប្រើថ្នាំសន្លប់ ហើយផ្តល់អាហារ និងទឹកដែលធ្វើឲ្យពួកគេធ្លាក់ខ្លួនឈឺ។
លោក Saab បាននិយាយថា រួមមានទាំងលោក Bukele ដែរ ប្រទេសវេណេហ្ស៊ុយអេឡា នឹងស៊ើបអង្កេតរដ្ឋមន្ត្រីយុត្តិធម៌នៃប្រទេសអ៊េលសាវ៉ាឌ័រ លោក Gustavo Villatoro និងជាប្រធានពន្ធនាគារ លោក Osiris Luna Meza បន្ទាប់ពីបានបង្ហាញវីដេអូរបស់អតីតអ្នកជាប់ឃុំដែលរៀបរាប់អំពីការធ្វើទារុណកម្ម និងបង្ហាញពីការរងរបួស ដែលពួកគេបាននិយាយថា កើតមានដោយសារការរំលោភបំពាន។
ការិយាល័យរបស់លោក Bukele មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយសារព័ត៌មាន Reuters ក៏មិនអាចបញ្ជាក់បានភ្លាមៗ អំពីការអះអាងដែលបានធ្វើឡើងនៅក្នុងវីដេអូនោះ។ បុគ្គល ២នាក់ ក្នុងចំណោមអ្នកដែលបាននិយាយត្រូវ បានកំណត់អត្តសញ្ញាណថា ជាអតីតអ្នកជាប់ឃុំនៅពន្ធនាគារ CECOT៕
