អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់សារព័ត៌មាន Arab News ថា សហគមន៍អន្តរជាតិមានកាតព្វកិច្ច ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីបន្តដំណោះស្រាយរដ្ឋពីរចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងដើម្បីនាំមកនូវលក្ខខណ្ឌដែលអាចធ្វើឲ្យវាកើតឡើង។

លោកបាននិយាយថា៖«ពិតជាចាំបាច់ណាស់ក្នុងការរក្សាឲ្យមាននូវទស្សនៈនៃដំណោះស្រាយរដ្ឋពីរ ជា មួយនឹងរឿងដ៏គួរឲ្យភ័យខ្លាចទាំងអស់ ដែលយើងកំពុងឃើញ នៅក្នុងតំបន់ហ្កាហ្សា និងវេសបែង (West Bank)។
«ចំណែកអ្នកដែលមានការមន្ទិលចំពោះដំណោះស្រាយរដ្ឋពីរ ខ្ញុំសួរថា តើអ្វីជាជម្រើសជំនួស? វាគឺជាដំណោះស្រាយរដ្ឋតែមួយ ដែលប្រជាជនប៉ាឡេស្ទីន ត្រូវបានបណ្តេញចេញ ឬប្រជាជនប៉ាឡេស្ទីន នឹងត្រូវបង្ខំឲ្យរស់នៅលើទឹកដីរបស់ពួកគេ ដោយគ្មានសិទ្ធិ? នោះគឺរឿងមួយមិនអាចទទួលយកបានទាំងស្រុង។
«ខ្ញុំជឿជាក់យ៉ាងមុតមាំថា នេះគឺជាកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាង ក្នុងការរក្សាដំណោះស្រាយរដ្ឋពីរ ឲ្យនៅមានតទៅទៀត ហើយបន្ទាប់មកបង្កើតលក្ខខណ្ឌ ដើម្បីធ្វើឲ្យវាកើតឡើង»។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើង នៅពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងបារាំងរៀបចំធ្វើជា សហប្រធានសន្និសីទសកលមួយ នៅក្នុងខែនេះ ក្នុងការកិច្ចខិតខំប្រឹងប្រែងពន្លឿនការអនុវត្តដំណោះស្រាយរដ្ឋពីរ និងបញ្ចប់ជម្លោះជាច្រើនទសវត្សរ៍រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
