អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Saree បាននិយាយថា សមាជិកនៃចលនាឧទ្ទាមហ៊ួទី Ansar Allah នៅប្រទេសយេម៉ែន បានធ្វើការវាយប្រហារដោយយានដ្រូន លើទីតាំងចំនួន ៥ ក្នុងប្រទេសអ៊ីស្រាអែល ក្នុងនោះមានអាកាសយានដ្ឋាន Ben Gurion និងកំពង់ផែ Eilat ផងដែរ។

លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ Al Masirah របស់ក្រុមហ៊ួទីថា៖ អង្គភាពយានដ្រូនរបស់កងកម្លាំងប្រដាប់អាវុធយេម៉ែន បានធ្វើប្រតិបត្តិការយោធាពិសេសមួយ ដោយវាយប្រហារអាកាសយានដ្ឋាន Lod (Ben Gurion) និងគោលដៅយោធា នៅក្នុងតំបន់ Jaffa (ទីក្រុង Tel Aviv) ក៏ដូចជាកំពង់ផែ Umm al-Rashrash ( កំពង់ផែ Eilat) អាកាសយានដ្ឋាន Ramon និងទីតាំងយោធានៅជិតទីក្រុង Ashdod»។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា យានដ្រូនចំនួន ៥គ្រឿង ដែល «បានទៅដល់គោលដៅរបស់ពួកវា ដោយជោគជ័យ» ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនោះ។
អ៊ីស្រាអែលបានវាយប្រហារកំពង់ផែ Hodeida របស់ប្រទេសយេម៉ែន នៅឆ្នេរសមុទ្រក្រហម កាលពីថ្ងៃ ចន្ទ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល (IDF) ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើ គ្រឿងចក្រ ដែលពាក់ព័ន្ធនឹងការងារជួសជុល ធុងសាំង និងនាវារបស់ក្រុមហ៊ួទី នៅកំពង់ផែនេះ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ួទីថា អ៊ីស្រាអែលបានវាយលុកចំណតវានា នៅកំពង់ផែ Hodeida ដែលប្រើប្រាស់ដោយក្រុមហ៊ួទី។
