ដោយចូលទៅជ្រៅនៅក្នុងតំបន់ភ្នំនៃខេត្ត Hakkari ភាគអាគ្នេយ៍នៃប្រទេសទួរគីដែលជាប់ព្រំដែនអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ម្ចាស់បសុសត្វនិងកសិករជនជាតិឃើដ បានត្រឡប់មកវិញជាបណ្តើរៗជាមួយនឹងសត្វរបស់ពួកគេ បន្ទាប់ពីជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍រវាងក្រុមសកម្មប្រយុទ្ធឃើដ និងកងទ័ពទួរគី។
ខណៈពេលដែលសង្កត់ដៃរបស់ខ្លួនថ្នមៗលើកចៀម ដើម្បីកុំឲ្យវាធ្វើចលនាក្នុងពេលការរោមរបស់វានោះ លោក Selahattin Irinc អាយុ ៥៧ឆ្នាំ បាននិយាយជាភាសាឃើដថា៖«យើងបានមកទីនេះយូរណាស់មកហើយ។ កាលពីសាមសិបឆ្នាំមុន យើងធ្លាប់មក ប៉ុន្តែក្រោយមកយើងមិនអាចមកបានទេ។ ឥឡូវនេះ យើងទើបតែចាប់ ផ្តើមមកម្តងទៀត ហើយនាំយកសត្វរបស់យើងតាមដែលយើងចង់បាន»។

កាលពីថ្ងៃទី ១១ ខែកក្កដា ពិធីបំផ្លិចបំផ្លាញអាវុធជានិមិត្តរូបនៅក្នុងតំបន់ឃើដឌីស្តង់នៃប្រទេសអ៊ីរ៉ាក់ គឺជាជំហានដ៏សំខាន់មួយ នៅក្នុងការផ្លាស់ប្តូរនៃគណបក្សពលករឃើដ (PKK) ពីការបះបោរប្រដាប់អាវុធទៅជានយោបាយប្រជាធិបតេយ្យ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយមួយ ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយយូរបំផុត នៅក្នុងតំបន់នេះ។
គណបក្សពលករឃើដ (PKK) ដែលត្រូវបានចុះបញ្ជីជាក្រុមភេរវកម្មដោយប្រទេសទួរគី និងសហគមន៍អន្តរជាតិជាច្រើន ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៧៨ ដោយនិស្សិតសាកលវិទ្យាល័យ Ankara ជាមួយនឹងគោលដៅចុងក្រោយនៃការសម្រេចបាននូវការរំដោះជនជាតិឃើដ។ គណបក្សនេះ បានចាប់ផ្តើមកាន់ អាវុធប្រយុទ្ធ នៅឆ្នាំ ១៩៨៤។
