ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi ដែលបាននិយាយនៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះថា ការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យ «ស្ថានភាព» កាន់តែស្មុគស្មាញ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ការលើកឡើងរបស់លោក Gharibabadi កើតមាននៅមុនកិច្ចប្រជុំ នាថ្ងៃសុក្រជាមួយរដ្ឋអឺរ៉ុបចំនួន ៣ ដែលគេស្គាល់ថា E3 គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់។ E3 បានប្រាប់ថា ប្រសិនបើគ្មានវឌ្ឍនភាពណាមួយសម្រេចបាននៅចុងខែសីហា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ខ្លួននឹងចាប់ផ្ដើមយន្តការ «ដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ» ជាដំណើរការដែលនឹងអនុវត្តទណ្ឌកម្មឡើងវិញរបស់ UN (អង្គការសហប្រជាជាតិ) លើទីក្រុងតេអេរ៉ង់ ដែលត្រូវបានលុបចោល ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ ជាថ្នូរនឹងការរឹតបន្តឹងលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

ដោយសំដៅទៅដល់កិច្ចប្រជុំនាថ្ងៃសុក្រ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី លោក Gharibabadi បាននិយាយថា៖ «យើងនឹងបង្ហាញពីជំហររបស់យើងទាក់ទងនឹងការអត្ថាធិប្បាយរបស់ E3 លើយន្តការដាក់ទណ្ឌកម្មឡើងវិញភ្លាមៗ ដែលយើងគិតថា ខ្វះមូលដ្ឋានច្បាប់។ តែទោះជាយ៉ាងណាក្ដី កិច្ចប្រឹងប្រែងរបស់យើងនឹងពិនិត្យមើលថា តើយើងអាចស្វែងរកដំណោះស្រាយរួម ដើម្បីដោះស្រាយស្ថានការណ៍បានដែរ ឬទេ»។
គួរបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង៣ រួមជាមួយចិន និងរុស្ស៊ី គឺជាភាគីដែលនៅសល់នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដកខ្លួនក្នុងឆ្នាំ២០១៨៕
