រដ្ឋមន្ត្រីការបរទេសរបស់សាធារណរដ្ឋឥស្លាម លោក Abbas Araghchi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា ប្រទេសអ៊ីរ៉ង់ នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ហើយខ្លួនមិនច្រានចោលថា ក្រុមអធិការកិច្ចរបស់ IAEA មិនអាចវិលត្រឡប់មកប្រទេសនេះវិញ នាពេលអនាគតនោះទេ។
លោកបានលើកឡើងថា៖«យើងមិនបានបញ្ឈប់កិច្ចសហប្រតិបត្តិការរបស់យើង ជាមួយទីភ្នាក់ងារនេះ។ យើងបន្តធ្វើការជាមួយពួកគេ។ យើងត្រូវការទម្រង់ថ្មី ពីព្រោះសម្ភារៈត្រូវបានបំផ្លាញ» ។ លោករដ្ឋមន្ត្រី បានបន្ថែមថា៖«ដោយផ្អែកលើគំរូដែលយើងមកជាមួយទីភ្នាក់ងារនោះ ការវិលត្រឡប់របស់ក្រុមអធិការកិច្ច នឹងអាចធ្វើទៅបាន» ។

លោកបានបញ្ជាក់ថា៖«រាល់សំណើរបស់ទីភ្នាក់ងារនេះ ដើម្បីចុះទៅពិនិត្យកន្លែងណាមួយ ឬបញ្ជូនក្រុមអធិការ ឬអ្វីដែលគួរត្រូវបានពិចារណាដោយយកចិត្តទុកដាក់ ដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់យើង ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងសន្តិសុខ» ។
កាលពីថ្ងៃទី ០២ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចុះហត្ថលេខាលើច្បាប់មួយដែលផ្អាកកិច្ចសហប្រតិបត្តិការរវាងទីក្រុងតេអេរ៉ង់ និងទីភ្នាក់ងារ IAEA ។ ច្បាប់នេះ ចូលជាធរមានហើយចាប់ពីថ្ងៃចុះហត្ថលេខាដោយប្រធានាធិបតី។
