រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Denis Shmygal បាននិយាយថា ទីក្រុងគីវ កំពុងពិភាក្សាជាមួយសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ដើម្បីទទួលបានប្រាក់ ៦០ ពាន់លានដុល្លារ សម្រាប់គោលបំណងការពារជាតិ នៅឆ្នាំក្រោយ។

លោកបានសរសេរនៅលើបណ្តាញសង្គម Telegramថា៖«យើងនឹងត្រូវការថវិកាយ៉ាងហោចណាស់ ១២០ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ នៅឆ្នាំក្រោយ។ យើងកំពុងធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីរៃអង្គាសប្រាក់បានពាក់កណ្តាល ជាមួយនឹងការគាំទ្រពីសម្ព័ន្ធមិត្តរបស់យើង»។ លោក Shmygal បានអះអាងថា អ៊ុយក្រែនកំពុងពិភាក្សាយ៉ាងសកម្មលើបញ្ហានេះ ជាមួយសហភាពអឺរ៉ុប និងប្រទេសសមាជិកណាតូ។
នាពេលមុននេះ ប្រមុខការពារជាតិ បានអំពាវនាវឲ្យដៃគូលោកខាងលិចរួមបញ្ចូលការបែងចែកជំនួយ ដល់អ៊ុយក្រែន នៅក្នុងថវិកាឆ្នាំ ២០២៦ របស់ពួកគេ។
លោក Shmygal បាននិយាយមុននេះថា ទីក្រុងគីវត្រូវការត្រឹមតែ ៦ ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីបំពេញកង្វថវិកា ក្នុងការទិញអាវុធ និងការផលិតយានដ្រូន។ ទន្ទឹមនឹងនេះដែរ លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានត្អូញត្អែរអំពីកង្វះខាតថវិកាក្នុងស្រុកដ៏សំខាន់ ក្នុងផលិតកម្មការពារជាតិ ហើយបានប្រកាសពីផែនការស្វែងរកប្រាក់ពីដៃគូលោកខាងលិចរបស់ទីក្រុងគីវ។
