អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ បានប្រាប់ថា ទីក្រុងមូស្គូ កំពុងកត់សម្គាល់ឃើញនិន្នាការ នៅលោកខាងលិច ឆ្ពោះទៅរកការធ្វើយោធូបនីយកម្ម ក្នុងនោះរួមទាំងផ្នែកនុយក្លេអ៊ែរផងដែរ និងតាមដានស្ថានការណ៍នេះ ដើម្បីធានាដល់សន្តិសុខរបស់រុស្ស៊ី។

លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមើលឃើញនិន្នាការឆ្ពោះទៅរកការធ្វើឲ្យភាពតានតឹងកើនឡើង ដោយការឆ្ពោះទៅរកការធ្វើយោធូបនីយកម្ម ក្នុងនោះរួមទាំងផ្នែកនុយក្លេអ៊ែរផងដែរ។ ទីភ្នាក់ងារពាក់ព័ន្ធរបស់យើង កំពុងតាមដានការវិវត្តនៅក្នុងតំបន់នេះ និងបង្កើតភារកិច្ច ដើម្បីធានាដល់សន្តិសុខរបស់យើង ចំពោះអ្វីដែលកំពុងកើតឡើង»។
តែយ៉ាងណាក្ដី លោកបានបន្ថែមថា បច្ចុប្បន្ននេះ មិនមានមូលដ្ឋានអ្វី ដើម្បីរៀបចំកិច្ចប្រជុំកំពូល «Nuclear Five» ដែលមានប្រទេសរុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងបន្ទាប់ពីមានរបាយការណ៍ អំពីអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា ដាក់ពង្រាយលើដែនដីរបស់ចក្រភពអង់គ្លេសជាលើកដំបូង ក្នុងរយៈពេលជាង ១ទសវត្សរ៍ ដោយសារព័ត៌មាន UK Defence Journal បានរាយការណ៍ថា គ្រាប់បែកនុយក្លេអ៊ែរ B61-12 ជាច្រើនគ្រាប់ ត្រូវបានផ្ទេរទៅកាន់ស្ថានីយទ័ពអាកាសភូមិន្ទចក្រភពអង់គ្លេស នៅជិតភូមិ Lakenheath ក្នុងទីក្រុង Suffolk ចក្រភពអង់គ្លេស៕
