ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ បាននិយាយថា អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន និងជាលេខាក្រុមប្រឹក្សាសន្តិសុខបច្ចុប្បន្ន គឺលោក Rustem Umerov នឹងដឹកនាំគណៈប្រតិភូទីក្រុងគីវ សម្រាប់កិច្ចចរចាសន្តិភាពជុំបន្ទាប់ ជាមួយរុស្ស៊ី នាថ្ងៃពុធ (ទី២៣ ខែកក្កដា)។
នៅមុននេះ វិមានក្រឹមឡាំង បានបង្ហាញពីការរំពឹងទុកទាប សម្រាប់កិច្ចចរចានេះ ដោយបញ្ជាក់ថា ភាគីទាំង២ នៅមានចក្ខុវិស័យខុសគ្នាឆ្ងាយណាស់ អំពីរបៀបបញ្ចប់សង្រ្គាមជាង ៣ឆ្នាំនេះ។
លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គមថា៖ «គណៈប្រតិភូនឹងត្រូវដឹកនាំដោយលោក Rustem Umerov ហើយនឹងរួមបញ្ចូលតំណាងនៃចារកម្មអ៊ុយក្រែន ក្រសួងការបរទេសអ៊ុយក្រែន និងការិយាល័យប្រធានាធិបតី»។
ចំណែកទីក្រុងមូស្គូ មិនទាន់បានប្រកាសពីសមាសភាពក្រុមរបស់ខ្លួននៅឡើយទេ សម្រាប់កិច្ចពិភាក្សានេះ។ នៅជុំមុន គណៈប្រតិភូរបស់រុស្ស៊ី ត្រូវបានដឹកនាំដោយអ្នកប្រវត្ដិសាស្រ្ដ និងជាប្រធានបច្ចុប្បន្ននៃសហភាពអ្នកនិពន្ធរុស្ស៊ី លោក Vladimir Medinsky ដែលអ៊ុយក្រែនបានពិពណ៌នាថា មិនមែនជាអ្នកមានសិទ្ធិសម្រេចពិតប្រាកដនោះឡើយ៕