នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) នេះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បាននិយាយថា លោកស្រីបានប្រាប់សមភាគីអ៊ីស្រាអែលថា យោធាអ៊ីស្រាអែល «ត្រូវតែបញ្ឈប់» ការសម្លាប់ជនស៊ីវិលនៅចំណុចចែកចាយជំនួយ នៅក្នុងតំបន់ហ្កាហ្សា។
លោកស្រី Kallas បានសរសេរនៅលើបណ្ដាញ X ថា៖ «ការសម្លាប់ជនស៊ីវិលដែលស្វែងរកជំនួយ នៅក្នុងតំបន់ហ្កាហ្សា គឺមិនអាចការពារបានសោះ។ ខ្ញុំបាននិយាយម្តងទៀតជាមួយលោក Gideon Saar ដើម្បីរំលឹកឡើងវិញនូវការយោគយល់របស់យើង ជុំវិញការអនុញ្ញាតឲ្យមានលំហូរជំនួយ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ត្រូវតែបញ្ឈប់ការសម្លាប់មនុស្ស នៅចំណុចចែកចាយជំនួយ»។
ការអត្ថាធិប្បាយនេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ១៥នាក់ នៅក្នុងដែនដីប៉ាឡេស្ទីន នាថ្ងៃអង្គារនេះ ខណៈដែលយោធាបានពង្រីកប្រតិបត្តិការជើងគោកទៅកាន់ទីក្រុងភាគកណ្តាល Deir el-Balah។
អ្នកនាំពាក្យទីភ្នាក់ងារនេះ លោក Mahmud Bassal បានប្រាប់សារព័ត៌មាន AFP ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើជំរុំ Al-Shati ភាគខាងលិចនៃទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងបណ្ដាលឲ្យមានរបួសជាង ៥០នាក់។
គួរបញ្ជាក់ថា ប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សា ត្រូវបានបម្លាស់ទីលំនៅយ៉ាងហោចណាស់ម្តងក្នុងរយៈពេល ២១ខែនៃជម្លោះនេះ ហើយជំរុំ Al-Shati នៅឆ្នេរមេឌីទែរ៉ាណេ ទទួលជនភៀសខ្លួនរាប់ពាន់នាក់មកពីភាគខាងជើង ដែលរស់នៅក្នុងតង់ និងជម្រកបណ្តោះអាសន្ន៕