ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍នៅថ្ងៃអង្គារនេះថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅប្រទេសចិន បណ្តាលឲ្យជន់លិចតំបន់ជនបទ និងដាច់ចរន្តអគ្គិសនីនៅតាមភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនកន្លែង និងជន់លិចដីកសិកម្ម ។
តំបន់ភាគខាងត្បូង រួមទាំងខេត្តតំបន់ឆ្នេរ Fujian ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីព្យុះ Wipha ។ នៅទីក្រុង Ningde ក្រុមការងារក្រុង ធ្វើការពេញមួយយប់ ដើម្បីរំដោះទឹកចេញពីផ្លូវ ។
នៅទីក្រុង Liaoning ភូមិដ្ឋានប្រជាពលរដ្ឋរងការជន់លិចធ្ងន់ធ្ងរ និងដាច់ចរន្តអគ្គិសនី ។ ក្រុមការងារសង្រ្គោះបន្ទាន់ និងគ្រឿងចក្រ ត្រូវបានគេមើលឃើញដាក់បាវខ្សាច់លើផ្លូវ ដើម្បីការពារការជន់លិចបន្ថែមទៀត ។
ប្រជាកសិករនៅខេត្ត Shandong ដែលជាខេត្តផលិតគ្រាប់ធុញ្ញជាតិដ៏សំខាន់ នាំគ្នាជីកប្រឡាយបង្ហូរទឹកតាមដីកសិកម្ម ដើម្បីការពារជន់លិចដំណាំ ។
ភ្លៀងធ្លាក់ខ្លាំងនៅខេត្ត Shandong បានសម្លាប់មនុស្ស ២នាក់ និងមនុស្ស ១០នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយភ្លៀងធ្លាក់ខ្លាំងរយៈពេល ៥ម៉ោង ។
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរ ដែលក្រុមឧតុនិយមនិយាយថាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ បានក្លាយជាការលំបាកដ៏ធំមួយ ធ្វើឲ្យមនុស្សរាប់លាននាក់ជម្លៀសខ្លួន និងបង្កភាពវឹកវរដល់វិស័យកសិកម្មតម្លៃ ២,៨សែនកោដិលានដុល្លាររបស់ចិន ៕