ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានការជន់លិចនៅតាមទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌា ធ្វើឲ្យអាក់ខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ការធ្វើចរាចរណ៍ រងផលប៉ះពាល់ផងដែរដោយសារភ្លៀងធ្លាក់ខ្លាំង ។
នៅទីក្រុងភាគខាងជើង Rajouri ទន្លេ Dharhali និងទន្លេ Saktoh បានមើលឃើញកម្រិតទឹកឡើងខ្ពស់ ។
ស្របពេលដែលភ្លៀងធ្លាក់សំខាន់សម្រាប់ប្រជាកសិកររាប់លាននាក់នៅឥណ្ឌា វាបង្កឲ្យមានបំណាក់ដីស្លាប់មនុស្ស ទឹកជំនន់ និងជំងឺឆ្លងផងដែរនៅតាមតំបន់ជាច្រើនក្នុងប្រទេសមួយនេះ ។
លោក Zulilal គឺជាម្ចាស់ហាងក្នុងស្រុកមួយរូប និយាយថា ពួកយើងត្រូវតែលើកផ្លូវឲ្យបានខ្ពស់ជាងនេះ ដើម្បីធ្វើឲ្យប្រព័ន្ធលូនាំទឹកចេញពីផ្លូវ ។
ដោយឡែក បំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងរដូវមូសុងនៅប្រទេសជិតខាងប៉ាគីស្ថាន បានហូរនាំរថយន្តចេញពីផ្លូវហាយវេលើភ្នំមួយ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោច ៣នាក់បាត់បង់ជីវិត ហើយរថយន្តជាច្រើនគ្រឿងទៀត បានកប់នៅក្រោមកម្ទេចកម្ទី ៕