អគារ និងរថយន្តរងការខូចខាត ត្រូវបានមើលឃើញនៅភូមិ al-Mazra'a ស្ថិតនៅជិតទីក្រុង Sweida ស្របពេលដែលក្រុមកុលសម្ព័ន្ធ Bedouinដកខ្លួនចេញពីភូមិ ក្រោយការប្រយុទ្ធគ្នាអស់រយៈពេលប៉ុន្មានថ្ងៃជាមួយក្រុមជនជាតិភាគតិច Druze ។
ជនស៊ីវិលរបស់កុលសម្ព័ន្ធ Bedouin រាប់រយនាក់ ត្រូវបានជម្លៀសខ្លួនចេញពីទីក្រុង Sweida របស់ក្រុមជនជាតិភាគតិច Druze ដែលជាផ្នែកមួយនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានេះ ក្រោយមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ ។
បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ អំពើហិង្សានៅខេត្តភាគខាងត្បូង Sweida បានក្លាយជាការធ្វើតេស្តដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតីស្តីទី Ahmed al-Sharaa ជាហេតុធ្វើឲ្យមានការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើរដ្ឋាភិបាលដឹកនាំដោយអ៊ិស្លាមរបស់លោកកាលពីសប្តាហ៍មុន ហើយនិងធ្វើឲ្យប្រទេសមួយនេះ កាន់តែលិចលង់ខ្លាំង ក្រោយសង្រ្គាមស៊ីវិលអស់រយៈពេល ១៤ឆ្នាំ ។
បទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃអាទិត្យ ពេលដែលកងកម្លាំងសន្តិសុខក្រសួមហាផ្ទៃស៊ីរី ដាក់ពង្រាយទៅកាន់តំបន់ជាយក្រុង Sweida ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស៊ីរីលោក Anas Khattab និយាយកាលពីថ្ងៃអាទិត្យថា បទឈប់បាញ់នេះ នឹងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង និងអ្នកឃាត់ខ្លួនដោយភាគីបង្កសង្រ្គាមទាំង ២ ៕