ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្រកាសតំបន់ចំនួន ៦ ជាតំបន់គ្រោះមហន្តរាយពិសេស នៅថ្ងៃអង្គារ (ទី២២ ខែកក្កដា) បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅផ្នែកជាច្រើននៃប្រទេស។
ការប្រកាសរបស់លោកប្រធានាធិបតី Lee អំពីតំបន់គ្រោះមហន្តរាយពិសេសនេះ ក្នុងនោះមានរួមទាំងនៅតំបន់ Gapeyeong ជាយក្រុងសេអ៊ូលផងដែរ បានផ្តល់ឲ្យអាជ្ញាធរនូវលទ្ធភាពទទួលបានជំនួយផ្នែករដ្ឋបាល និងហិរញ្ញវត្ថុបន្ទាន់ ដើម្បីជួយដល់ជនរងគ្រោះ។ នាព្រឹកថ្ងៃអង្គារនេះ លោកបានប្រាប់មន្ត្រីសាធារណៈឲ្យ «ប្រឹងប្រែងគ្រប់យ៉ាង» ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។
អាកាសធាតុសើមអាក្រក់ខ្លាំង នាពេលនេះ បានធូរស្រាលហើយ បើទោះបីជារបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ភ្លៀងកំពុងធ្លាក់យ៉ាងជោកជាំនៅផ្នែកជាច្រើននៃប្រទេសកូរ៉េខាងជើងក៏ដោយ។
ក្រសួងមហាផ្ទៃ និងសុវត្ថិភាព បានបញ្ជាក់ថា មនុស្សប្រមាណជា ១៩នាក់ បានបាត់បង់ជីវិត ហើយ ៩នាក់ទៀតកំពុងបាត់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង គិតត្រឹមព្រឹកថ្ងៃអង្គារ ខណៈមនុស្ស ២.៥៤៩នាក់ នៅតែមិនទាន់អាចវិលត្រលប់ទៅផ្ទះសម្បែងរបស់ខ្លួនបានវិញដដែល។
ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា ការខូចខាតនៃសំណង់អគារ មានចំនួន ៣.៧៧៦ខ្នង ដោយរួមមានលំនៅឋាន ហាង និងរោងចក្រដែលកំពុងត្រូវការសម្អាតទឹក កម្ទេចកម្ទីសំរាម និងល្បាប់ភក់៕