បើយោងតាមប្រភពចំនួន ៣ ដែលដឹងអំពីបញ្ហា បានឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Trump កំពុងពង្រីកការស្វែងរកដៃគូ ក្នុងការសាងសង់ប្រព័ន្ធការពារមីស៊ីល Golden Dome ដោយផ្តល់ក្តីសង្ឃឹមដល់គម្រោង Project Kuiper របស់ក្រុមហ៊ុន Amazon និងអ្នកម៉ៅការផ្នែកការពារធំៗ ខណៈដែលភាពតានតឹងជាមួយលោកមហាសេដ្ឋី Elon Musk គំរាមកំហែងប៉ះពាល់ដល់ឥទ្ធិពលរបស់ក្រុមហ៊ុន SpaceX នៅក្នុងកម្មវិធីនេះ។
ការផ្លាស់ប្តូរនេះ គឺជាចំណុចសំខាន់ជាយុទ្ធសាស្ត្រ ដែលផ្ដាច់ការពឹងផ្អែកលើក្រុមហ៊ុន SpaceX របស់លោក Musk ដែលបណ្តាញផ្កាយរណប Starlink និង Starshield បានក្លាយជាចំណុចកណ្តាលនៃទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិក។
គម្រោងនេះកើតឡើងចំពេលដែលទំនាក់ទំនងមានសភាពកាន់តែអាក្រក់ឡើងៗ រវាងលោក Trump និងលោក Musk ដែលបានរាលដាលទៅជាជម្លោះសាធារណៈ កាលពីថ្ងៃទី៥ ខែមិថុនា។
ប្រភពចំនួន ២ បានប្រាប់ថា សូម្បីតែមុនពេលមានជម្លោះនេះ មន្ត្រីនៅមន្ទីរបញ្ចកោណ និងសេតវិមានបានចាប់ផ្តើមស្វែងរកជម្រើសជំនួសក្រុមហ៊ុន SpaceX បណ្ដើរៗហើយ ដោយមានក្ដីបារម្ភ ពីការពឹងផ្អែកខ្លាំងពេកដៃគូតែមួយ សម្រាប់ផ្នែកដ៏ធំមហិមានៃខែលការពារអវកាសតម្លៃ ១៧៥ពាន់លានដុល្លារ។
លោក Musk និងក្រុមហ៊ុន SpaceX មិនបានឆ្លើយតបភ្លាមៗឡើយ សម្រាប់សំណើសុំការអត្ថាធិប្បាយ។ តែយ៉ាងណាក្ដី បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ដំបូងថា ក្រុមហ៊ុន SpaceX គឺជាអ្នកនាំមុខគេ ក្នុងការសាងសង់ផ្នែកខ្លះនៃប្រព័ន្ធ Golden Dome លោក Musk បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ក្រុមហ៊ុនមិនបានព្យាយាមដេញថ្លៃ ដើម្បីទទួលបានកិច្ចសន្យាណាមួយឡើយ ទាក់ទងនឹងកម្មវិធីនេះ។ មហិច្ឆតាដ៏ខ្លាំងក្លារបស់យើង គឺការបន្តផ្តោតលើការនាំយកមនុស្សទៅកាន់ភពព្រះអង្គារ»៕