ភ្នំពេញ ៖ស្ថិតក្នុងជំនូបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០(AMS) កាលពីរសៀលថ្ងៃទី២២ខែកក្កដានេះ, ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មានកម្ពុជា ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរក្រសួងព័ត៌មានក្នុងការរៀបចំកម្មវិធី AMS កាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២៥នេះ និងបានអបអរសាទរដែលទទួលបានជោគជ័យក្នុងការរៀបចំនេះ។
ក្រៅពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានបង្ហាញពីការគាំទ្រចំពោះយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» របស់ក្រសួងព័ត៌មាន ដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានក៏ធ្លាប់បានលើកអំពីបញ្ហានេះ កាលពីកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននៅឥណ្ឌូនេស៊ី។
ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីមានក្រសួងព័ត៌ មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕
ជាការកត់សំគាល់ នៅក្នុងកិច្ចជំនូបរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានពិភាក្សាពីសេចក្តីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ហើយការចុះMOU នេះគ្រោងធ្វើឡើងនៅក្នុងព្រឹត្តិការណ៍សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ដែលប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២៥៕ អត្ថបទ៖ទូច សោភ័ណ



