រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បង្កឲ្យមានករណីភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី នាថ្ងៃអង្គារនេះ ។
ក្រុមអាជ្ញាធរនៅប្រទេសប៊ុលហ្គារី បានជំរុញឲ្យធុរកិច្ចបរិច្ចាគទឹក និងកាត់បន្ថយការងារខាងក្រៅ អំឡុងម៉ោងប្រឈមហានិភ័យខ្ពស់ ។
ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ Kostinbrod ជិតទីក្រុង Sofia បានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ១០កន្លែង និងបង្ខំឲ្យមានការជម្លៀសមនុស្សចេញ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមទប់ស្កាត់អណ្តាតភ្លើង ។
ដោយឡែក នៅប្រទេសអាល់បានី ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យត្រូវបានចូលរួមដោយយន្តហោះមកពីអ៊ីតាលី និងក្រិក បានព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅឧទ្យានជាតិស្ថិតនៅជិតតភូមិ Dukat ។
នៅប្រទេសម៉ុនតេណេហ្គ្រូ ផ្លូវសំខាន់ៗបានកកស្ទះចរាចរណ៍ ស្របពេលដែលប្រជាពលរដ្ឋប្រញាប់ប្រញាល់ទៅកាន់តំបន់ឆ្នេរស្វែងរកទីត្រជាក់គេចចេញពីរលកកម្តៅ ។
កាលពីខែមុន តំបន់ជាច្រើននៅអឺរ៉ុបខាងលិច ប្រឈមនឹងរលកកម្តៅធ្ងន់ធ្ងរដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងបង្កឲ្យមានភ្លើងឆេះព្រៃ និងការប្រកាសអាសន្នសុខភាពនៅទូទាំងតំបន់ ៕