ភ្នំពេញ ÷ ផ្សារសមាគមខ្មែរ កំពុងផ្តល់ឱកាសដល់សហគ្រិនជាម្ចាស់អាជីវកម្ម បានដាក់លក់ផលិតផល ដែលផលិតនិងកែច្នៃក្នុងស្រុក និងជា ការផ្សាភ្ជាប់នៃការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ខណៈដែលផ្សារមួយនេះកំពុងទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។
លោកជំទាវ ខៀវ ខេមរី នាយកគ្រប់គ្រងផ្សារសមាគមខ្មែរ ដែលមានទីតាំងនៅក្នុងផ្សារទំនើបសូរិយា លើកឡើងក្នុងកិច្ច សម្ភាសន៍ជាមួយ BTV ស្តីពីគម្រោងបង្កើតផ្សារសមាគមខ្មែរ និងការលក់ផលិតផលខ្មែរ នេះថា ផ្សារសមាគមខ្មែរបានបង្កើតឡើងមាន រយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះ មានគោលបំណងគាំទ្រដល់ផលិតផលខ្មែរ និងសហគ្រិនខ្មែរ ដើម្បីជួយធ្វើ ទីផ្សារជំរុញឱ្យពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្ម និងពាណិជ្ជកម្មកាន់តែច្រើន ដើម្បីពង្រីកទីផ្សារផលិតឱ្យកាន់តែធំ គាំទ្រដល់ កិច្ចដំណើរការខ្សែច្រវាក់ផលិតកម្មរបស់ពួកគាត់។
លោកជំទាវ បន្តថា ទាក់ទិនការលក់ដូរវិញ ចាប់តាំងពីការបើកផ្សារសមាគមខ្មែរ មកដល់បច្ចុប្បន្នឃើញថា បងប្អូនប្រជាពល- រដ្ឋបានងាកមកប្រើប្រាស់ផលិតផលខ្មែរច្រើន ស្របពេលដែលផ្សារសមាគមខ្មែរបានកំពុងស្រូបយកផលិតផលកែច្នៃថ្មីៗជាបន្តបន្ទាប់។ បញ្ហានេះ លោកជំទាវបានអំពាវដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រនូវផលិតផលខ្មែរ ដែលផលិតនិងកែច្នៃវេចខ្ចប់ក្នុងស្រុកបន្ថែម ទៀត, ការចូលរួមគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ការបង្កើតការងារ ជាពិសេសជាការចូលរួមលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន ដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ការកែច្នៃ។
ជុំវិញការលក់ដូរនេះ សហគ្រិនជាច្រើន ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំផ្សារសមាគមខ្មែរ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ប្រមូលផ្តុំម្ចាស់អាជីវកម្ម ជួយផ្សព្វផ្សាយ និងការដាក់លក់ផលិតផល ដែលតាមរយៈនេះ គឺជាការចូលរួមចំណែក លើកកម្ពស់ផលិតភាព និងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ឈានទៅប្រកួតប្រជែងផលិតផលលើទីផ្សារ និងការនាំចេញ។
ជុំវិញផ្សារសមាគមខ្មែរនេះ, ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ កន្លងមក បានថ្លែងឱ្យដឹងថា សមាគមនឹង ជំរុញបង្កើតផ្សារសមាគមខ្មែរឱ្យបានច្រើនកន្លែងថែមទៀត នៅតាមរាជធានី-ខេត្ត ដើម្បីជួយលើកកម្ពស់ការលក់ផលិតផលរបស់សហគ្រិន ក្នុងស្រុក ការរកដៃគូផ្គត់ផ្គង់ និងការជួយដល់កសិករដាំដុះ ជាពិសេសការចូលលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាបន្ថយការនាំចូល ផលិតផលពីក្រៅប្រទេស ក្នុងនោះសមាគមក៏មានផែនការសកម្មភាពរបស់ខ្លួនបន្ថែមទៀតដូចជា៖ ការបង្កើតសហគមន៍អ្នកដាំដុះ, សហគមន៍អ្នកផលិត, និងសហគមន៍នាំចេញជាដើម ដើម្បីចូលរួមលើកកម្ពស់ដល់ការដាំដុះ ការកែច្នៃ និងការនាំចេញ៕
អត្ថបទ៖ សុន រ៉ាឌី










