ភ្នំពេញ : នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៦៩១នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី លើកយកជំនួបរវាងក្រសួងសុខាភិបាល និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ ខែកក្កដានេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានបង្ហាញពីភាពជាវិជ្ជមាននៃការងារសុខាភិបាល បានបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយភាពជាវិជ្ជមាននោះ កើតចេញពីការរួបរួមគ្នារបស់មន្រ្តីសុខាភិបាលគ្រប់រូប នាពេលកន្លងមកនេះ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យ អនុញ្ញាតឱ្យថ្នាក់ដឹកនាំសុខាភិបាលគ្រប់ជាន់ថ្នាក់បានដឹងពីការព្រួយបារម្ភ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្រាប់ធ្វើការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ សំដៅការរិះរកវិធីសាស្រ្ត កែលម្អ និងបង្ការកុំឱ្យមានបញ្ហាកើតឡើងនៅតាមបណ្តាអង្គភាពសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជំហរគាំទ្រ និងជំរុញឱ្យមន្រ្តីសុខាភិបាលទាំងអស់ខិតខំប្រឹងប្រែងធ្វើបន្តទៀត។
ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងពីភាពចាំបាច់នៃយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល មានគោលបំណងច្បាស់លាស់ មានសកម្មភាពជាអាទិភាព និងសមហេតុផល។ ការមានយុទ្ធសាស្រ្តបែបនេះ នឹងបង្កើនលទ្ធភាពនៃការទទួលជោគជ័យ ក្នុងដំណើរឆ្ពោះទៅរកចក្ខុវិស័យដែលបានកំណត់។
ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីការប្រើប្រាស់ការគ្រប់គ្រងជំងឺគ្រុនឈាម និងមានការពិភាក្សាស្វែងរកគន្លឹះសម្រាប់កាត់បន្ថយការរាលដាលនៃជំងឺគ្រុនឈាមក្នុងឆ្នាំ ២០២៥នេះ៕
អត្ថបទ រដ្ឋា






