យោងតាមការអះអាងរបស់ក្រុមមន្រ្តីចិន បានឲ្យដឹងថា ចិនបានចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីមេហ្គានៅលើទន្លេ Yarlung Zangbo ស្ថិតក្នុងតំបន់ទីបេតិ៍ ដែលវាអាចនឹងក្លាយជាប្រភពថាមពលវារីអគ្គិសនីធំបំផុតរបស់ពិភពលោក នៅពេលដែលវាបញ្ចប់ការសាងសង់ ។
គម្រោងមេហ្គាដែលស្ថិតនៅជើងភ្នំហិម៉ាឡៃនេះ នឹងរួមបញ្ចូលស្ថានីយវារីអគ្គិសនី ៥កន្លែងនៅលើដងទន្លេ ដែលគេស្គាល់ឈ្មោះផងដែរថាជាទន្លេ Brahmaputra មានខ្សែទឹកខាងក្រោមនៅប្រទេសឥណ្ឌា និងទន្លេ Jamuna នៅប្រទេសបង់ក្លាដែស ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua រាយការណ៍ថា លោកនាយករដ្ឋមន្រ្តី Li Qiang បានចូលរួមពិធីបញ្ចុះបឋមសិលា សម្រាប់ទំនប់វារីអគ្គិសនីនេះ កាលពីថ្ងៃសៅរ៍ ។
ទីក្រុងប៉េកាំង រៀបគម្រោងមួយនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយការអនុម័ត ត្រូវបានផ្តល់ជូនកាលពីខែធ្នូ ឆ្នាំមុន ដោយតភ្ជាប់ការអភិវឌ្ឍគោលដៅអព្យាក្រឹតភាពកាបូនរបស់ខ្លួន និងគោលដៅសេដ្ឋកិច្ចនៅតំបន់ទីបេតិ៍ ។
ក្រោយពិធីបញ្ចុះបឋមសិលានៅទីក្រុង Nyingchi ភាគអាគ្នេយ៍តំបន់ទីបេតិ៍ ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ថា ថាមពលអគ្គិសនីបង្កើតឡើង នឹងបញ្ជូនទៅកាន់តំបន់ផ្សេងទៀតសម្រាប់ការប្រើប្រាស់ ខណៈវាឈានដល់តម្រូវការថាមពលក្នុងស្រុកនៅតំបន់ទីបេតិ៍ ។
ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ទៀតថា គម្រោងនេះត្រូវបានគេរំពឹងទុកថា នឹងចំណាយថវិកាអស់ប្រហែល ១៦៧ពាន់លានដុល្លារ ៕

