បាល់ទាត់៖ ក្រុមកំពូលតារាង Manchester City បានត្រលប់ឡើងមកនាំមុខដាច់ ១៤ពិន្ទុវិញក្រោយជ័យជំនះលើក្រុមភ្ញៀវ Southampton ៥-២ យប់មិញ។ Kevin de Bruyne រកគ្រាប់នាំមុខបានមុននៅនាទីទី១៥ តែក៏ត្រូវ Southampton តាមស្មើវិញនៅនាទីទី២៥ ដោយ James Ward-Prowse ដោយបាល់ ១១ម៉ែត្រ។

ក្រោយមក Riyad Mahrez និង Ilkay Gundogan ក៏រកបានម្នាក់មួយគ្រាប់មុនចប់វគ្គទី១ Manchester City នាំមុខ ៣-១។ ឈានចូលវគ្គទី២ Riyad Mahrez ក៏រកបានគ្រាប់ទី២ របស់ខ្លួននាទីទី៥៥ មុនពេលដែល Che Adams តបបានមួយគ្រាប់វិញនាទីទី៥៦។ Kevin de Bruyne រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី៥៩ ដែលជាគ្រាប់ចុងក្រោយក្នុងការប្រកួត Manchester City យកឈ្នះ Southampton ៥-២។

ជ័យជំនះនេះធ្វើឲ្យក្រុមរបស់លោក Pep Guardiola ត្រលប់មកនាំមុខដាច់ ១៤ពិន្ទុវិញលើក្រុមលេខ២ Manchester United តែ Manchester City ប្រកួតលើសគេ ១ប្រកួត ចំណែក Southampton បន្តឈរលេខ១៤ មាន ៣៣ពិន្ទុពីលើតំបន់គ្រោះថ្នាក់ ៧ពិន្ទុ។ ប្រកួតបន្ទាប់ Manchester City ទៅទឹកដី Fulham ថ្ងៃសៅរ៍នេះ ខណៈ Southampton ជួប Brighton៕
អត្ថបទ៖នាង សុភាវុធ