ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (២២ កក្កដា) បានប្រកាសថា សហរដ្ឋអាមេរិក និងជប៉ុន បានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយដែលរួមបញ្ជូលអត្រាពន្ធ ១៥% លើការនាំចូលរបស់សហរដ្ឋអាមេរិក ពីទំនិញរបស់ជប៉ុន។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលការវិនិយោគរបស់ទីក្រុងតូក្យូ ៥៥០ពាន់លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិក។ លោកក៏បាននិយាយដែរថា ជប៉ុននឹងបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សាររបស់ខ្លួនកាន់តែច្រើនដល់ក្រុមហ៊ុនផលិតយានយន្ត រថយន្តដឹកទំនិញ អង្ករ និងផលិតផលកសិកម្មអាមេរិក ក្នុងចំណោមទំនិញផ្សេងទៀត។
ការបង្ហោះរបស់លោក Trump មិនបានលម្អិត ឬនិយាយពីការបន្ធូរបន្ថយពន្ធលើរថយន្តជប៉ុននោះទេ ដែលមានចំនួនច្រើនជាងមួយភាគបួននៃការនាំចេញសរុបរបស់ប្រទេសនេះទៅកាន់សហរដ្ឋអាមេរិក ហើយកំពុងត្រូវជាប់ពន្ធ ២៥%។ យ៉ាងណាមិញ ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន បាននិយាយនៅថ្ងៃពុធនេះដោយដកស្រង់ប្រភពរដ្ឋាភិបាលថា ជប៉ុន និងអាមេរិក បានព្រមព្រៀងគ្នាក្នុងការបន្ទាបពន្ធរថយន្តរបស់ជប៉ុន មកនៅត្រឹមកម្រិត ១៥%។
ទិន្នន័យជំរឿនរបស់អាមេរិកបង្ហាញថា ជប៉ុន --ដែលពីមុនរងការគំរាមពន្ធទំនិញ ២៥% -- គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី៦ របស់សហរដ្ឋអាមេរិក ក្នុងទំនិញខែឧសភា ឆ្នាំ២០២៥។ ពាណិជ្ជកម្មទ្វេភាគីរវាងមហាអំណាចទាំងពីរមានចំនួនសរុបជិត ២៣០ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដោយជប៉ុន មានអតិរេកពាណិជ្ជកម្មជិត ៧០ពាន់លានដុល្លារ៕

