ឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលរដ្ឋាភិបាលចិនវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប ខណៈកិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបនឹងធ្វើឡើងក្នុងសប្តាហ៍នេះ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថាឆ្នាំនេះជាខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប និងខួបលើកទី៨០ នៃការបង្កើតអង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន-សហភាពអឺរ៉ុប បានក្លាយជាទំនាក់ទំនងទ្វេភាគីដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក។

អ្នកនាំពាក្យរូបនេះបាននិយាយថា កិច្ចសហប្រតិបត្តិការចិន-សហភាពអឺរ៉ុបប្រកបដោយផ្លែផ្កាបានជំរុញការអភិវឌ្ឍន៍ និងវឌ្ឍនភាពរបស់គ្នាទៅវិញទៅមក ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនចិន និងសហភាពអឺរ៉ុបជិត ២ពាន់លាននាក់ រួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក និងជាគំរូដ៏ល្អនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងយុគសម័យសកលភាវូបនីយកម្មសេដ្ឋកិច្ច។

លោក Guo បានកត់សម្គាល់ថា ទំនាក់ទំនងចិន-សហភាពអឺរ៉ុប ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលសំខាន់នៃការកសាងសមិទ្ធិផលកន្លងមក និងការបើកទំព័រថ្មីមួយ។ ទំនាក់ទំនងប្រឈមនឹងឱកាស និងបញ្ហាប្រកួតប្រជែងថ្មីៗ។ លោក Guo បាននិយាយថា ក្នុងទិដ្ឋភាពអន្តរជាតិដែលមានភាពច្របូកច្របល់កាន់តែខ្លាំងនៃការកើនឡើងឯកតោភាគី និងគាំពារនិយម កិច្ចប្រជុំកំពូលចិន-សហភាពអឺរ៉ុបនាពេលខាងមុខ ដែលជាឱកាសមួយដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គឺល្អមិនត្រឹមតែសម្រាប់ភាគីទាំងពីររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ៕