នគរបាលបង់ក្លាដែស បានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមនិស្សិត និងសិស្សដែលកំពុងតវ៉ាទាំងកំហឹង កាលពីថ្ងៃអង្គារ (២២ កក្កដា) ទាមទារចម្លើយពីរដ្ឋាភិបាល បន្ទាប់ពីយន្តហោះចម្បាំងរបស់កងទ័ពអាកាសបានធ្លាក់បុកបរិវេណសាលារៀននៅទីក្រុងដាកា ហើយបានសម្លាប់មនុស្សយ៉ាងតិច ៣១នាក់ ដែលក្នុងនោះមានកុមារយ៉ាងហោចណាស់ ២៥នាក់។
កុមាររងគ្រោះជាច្រើនដែលមានអាយុក្រោម ១២ឆ្នាំ ហៀបនឹងត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចេញពីរៀនកាលពីថ្ងៃចន្ទ នៅពេលដែលយន្តហោះចម្បាំង F-7 BGI របស់បង់ក្លាដែស បានធ្លាក់ទៅបុកសាលារៀនរបស់ពួកគេ ហើយបានផ្ទុះឆេះ ធ្វើឱ្យសិស្សជាប់នៅក្នុងភ្នក់ភ្លើង និងកម្ទេចកម្ទី។ យោធានិយាយថា យន្តហោះនោះមានបញ្ហាម៉ាស៊ីន។
ហ្វូងសិស្សានុសិស្សមកពីសាលារៀនជួបគ្រោះថ្នាក់ និងអ្នកផ្សេងទៀតមកពីមហាវិទ្យាល័យក្បែរនោះបានសម្រុកតវ៉ា ខណៈពេលមន្ត្រីរដ្ឋាភិបាលចុះទៅមើលកន្លែងធ្លាក់យន្តហោះ ដោយទាមទារឱ្យអាជ្ញាធរបញ្ចេញចំនួនអ្នកស្លាប់ពិតប្រាកដ ហើយស្រែកថា "ចង់បានចម្លើយ!"។ ទូរទស្សន៍ក្នុងស្រុកនិយាយថា នៅកន្លែងផ្សេងទៀតក្នុងរដ្ឋធានី ក៏មើលឃើញនិស្សិតរាប់រយនាក់ចេញតវ៉ា ដោយអ្នកខ្លះគ្រវីដំបង និងទម្លុះទ្វារធំនៃអគាររដ្ឋាភិបាលសហព័ន្ធ។
យោធាបង់ក្លាដែសនិយាយថា យន្តហោះនេះបានហោះចេញពីមូលដ្ឋានទ័ពអាកាសក្បែរនោះក្នុងបេសកកម្មហ្វឹកហាត់ជាប្រចាំ ហើយបន្ទាប់ពីជួបបញ្ហាមេកានិក អាកាសយានិកបានព្យាយាមបង្វែរយន្តហោះចេញឆ្ងាយពីតំបន់ដែលមានប្រជាជនច្រើនប៉ុន្តែក៏បានធ្លាក់ចូលទៅក្នុងបរិវេណសាលា ខណៈអាកាសយានិកក៏ស្លាប់ក្នុងឧប្បត្តិហេតុនោះដែរ៕

