ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា លោកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងម៉ានីល ដោយគិតអត្រាពន្ធ ១៩% សម្រាប់ទំនិញហ្វីលីពីន ដែលនាំចេញទៅកាន់អាមេរិក ខណៈទំនិញរបស់ទីក្រុងវ៉ាស៊ីនតោន ចូលទៅហ្វីលីពីន នឹងពុំមានពន្ធនោះទេ ពោលគឺអត្រាសូន្យភាគរយ។

ប្រធានាធិបតីអាមេរិករូបនេះប្រកាសកិច្ចព្រមព្រៀងថ្មីកាលពីថ្ងៃអង្គារលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោក ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីហ្វីលីពីន លោក Ferdinand Marcos Jr. នៅសេតវិមាន។ លោក Trump បាននិយាយក្នុងសារបង្ហោះនោះថា "ភាគីទាំងពីរបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលហ្វីលីពីន កំពុងដំណើរការទីផ្សារបើកចំហជាមួយអាមេរិក"។
អត្រាពន្ធ ១៩% នេះគឺទាបជាងតួលេខ ២០% ដែលត្រូវបានគំរាមកំហែងពីមុនដោយលោក Trump កាលពីដើមខែនេះ ប៉ុន្តែលើសពីអត្រាបដិការ ១៧% ដែលបានកំណត់ក្នុងខែមេសា។ អត្រានេះត្រូវគ្នានឹងពន្ធ ១៩% ដែលអាមេរិកបានប្រកាសលើឥណ្ឌូនេស៊ី និងល្អជាងតួលេខ ២០% របស់វៀតណាម។
លោក Marcos មេដឹកនាំអាស៊ីអាគ្នេយ៍ដំបូងគេដែលជួបលោក Trump ក្នុងអាណត្តិទីពីររបស់លោក បានប្រាប់អ្នកសារព័ត៌មានពេលចាប់ផ្តើមកិច្ចប្រជុំសេតវិមានថា អាមេរិកគឺជា "សម្ព័ន្ធមិត្តដ៏រឹងមាំបំផុត ជិតស្និទ្ធបំផុត និងគួរឱ្យទុកចិត្តបំផុត" របស់ហ្វីលីពីន។ គួរឱ្យដឹងថា អាមេរិកមានឱនភាពជិត ៥ពាន់លានដុល្លារជាមួយហ្វីលីពីនកាលពីឆ្នាំមុន លើពាណិជ្ជកម្មទំនិញទ្វេភាគីចំនួន ២៣,៥ពាន់លានដុល្លារ៕

