តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិលោក Fu Cong កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងប្រទេសចិនទាក់ទងនឹងសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលពិភាក្សាបើកចំហកម្រិតខ្ពស់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី។

លោក Fu បាននិយាយមុន បន្ទាប់មកអ្នកតំណាងសហរដ្ឋអាមេរិក ដែលបានអះអាងដោយគ្មានហេតុផលអំពីសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ ជាការឆ្លើយតប លោក Fu បានលើកឡើងជាលើកទី២ ប្រឆាំងនឹងការចោទប្រកាន់របស់សហរដ្ឋអាមេរិក។
តំណាងចិនក៏បានចង្អុលបង្ហាញផងដែរថា ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ស្ថានភាពនៅសមុទ្រចិនខាងត្បូងនៅតែមានស្ថិរភាពយ៉ាងទូលំទូលាយក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមិនមានបញ្ហាទាក់ទងនឹងសេរីភាពនៃការធ្វើនាវាចរណ៍ ឬការហោះហើរបំពាននោះទេ។
លោក Fu បាននិយាយថា ប្រទេសចិននៅតែបន្តតស៊ូមតិសម្រាប់ការដោះស្រាយជម្លោះដែនសមុទ្រតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ដោយផ្អែកលើការគោរពចំពោះអង្គហេតុប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ។
លោក Fu បានរិះគន់សហរដ្ឋអាមេរិកចំពោះការមិនយកចិត្តទុកដាក់លើបរិបទប្រវត្តិសាស្ត្រ និងអង្គហេតុនៃបញ្ហាសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានសាបព្រួសភាពមិនចុះសម្រុងគ្នា និងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តគ្នាទៅវិញទៅមកក្នុងចំណោមប្រទេសក្នុងតំបន់៕

