ក្រុមប្រដាប់អាវុធមួយក្រុម បានបើកការបាញ់ប្រហារសំដៅទៅលើក្បួនរថយន្តជម្លៀសជនស៊ីវិលចេញពី ទីក្រុងSweida ប្រទេសស៊ីរី កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា។ វីដេអូបានបង្ហាញហ្វូងមនុស្សនៅជុំវិញរថយន្តក្រុងរបស់អឌ្ឍចន្ទក្រហមដែលដឹកជនស៊ីវិលហើយការបាញ់ប្រហារត្រូវបានបាញ់សំដៅទៅរកពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីបាននិយាយថា ជនស៊ីវិលក្រុមកុលសម្ព័ន្ធ Bedouin រាប់រយនាក់ត្រូវបានជម្លៀសចេញពីទីក្រុងSweida ដែលសំបូរដោយជនជាតិភាគតិច Druze រស់នៅច្រើនរបស់ប្រទេសស៊ីរី ជាផ្នែកនៃបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកដែលមានបំណងបញ្ចប់ថ្ងៃនៃការបង្ហូរឈាមនៅភាគខាងត្បូងប្រទេសស៊ីរី។

បទឈប់បាញ់បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ខណៈកងកម្លាំងសន្តិសុខរបស់ក្រសួងមហាផ្ទៃ ត្រូវបានដាក់ពង្រាយនៅជាយទីក្រុង Sweida។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anas Khattab បាននិយាយថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យមានការដោះលែងចំណាប់ខ្មាំង និងអ្នកដែលត្រូវបានឃុំខ្លួនដោយភាគីទាំងពីរ។
ការប្រយុទ្ធគ្នាបានចាប់ផ្តើមកាលពីមួយសប្តាហ៍កន្លងទៅនេះ ដោយក្រុមអ្នកប្រយុទ្ធជនជាតិភាគតិច Druze ដែលមិនទុកចិត្តលើរដ្ឋាភិបាលដឹកនាំដោយក្រុមអ៊ីស្លាមនិយមប្រឆាំងនឹងក្រុមកុលសម្ព័ន្ធ Bedouin មូស្លីមស៊ុននី។ ទីក្រុងដាម៉ាស បានបញ្ជូនកងទ័ពទៅបង្ក្រាបការប្រយុទ្ធគ្នា ប៉ុន្តែពួកគេត្រូវបានធ្វើឲ្យធ្លាក់ចូលទៅក្នុងអំពើហិង្សា ហើយត្រូវបានចោទប្រកាន់ពីបទរំលោភបំពានយ៉ាងទូលំទូលាយប្រឆាំងនឹងក្រុមជនជាតិភាគតិច Druze ។