ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចុះហត្ថលេខាលើសេក្ដីស្នើច្បាប់មួយ ដែលក្រុមអ្នករិះគន់និយាយថា ធ្វើឱ្យឯករាជ្យភាពនៃស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះចុះខ្សោយ បង្កឱ្យមានការតវ៉ា និងទាក់ទាញការរិះគន់ពីអន្តរជាតិ។

ក្រុមអ្នករិះគន់និយាយថា ច្បាប់ថ្មីនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអំណាចរបស់ការិយាល័យប្រឆាំងអំពើពុករលួយជាតិ(Nabu) និងការិយាល័យរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយពិសេស(Sapo) ដោយដាក់ស្ថាប័នទាំងនេះ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គរដ្ឋអាជ្ញា។
ការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ ក៏បានកើតឡើងផងដែរ បន្ទាប់ពីសភាអ៊ុយក្រែន បានគាំទ្រសេចក្ដីស្នើច្បាប់ដ៏ចម្រូងចម្រាសមួយដែលនឹងកំណត់ព្រំដែនអំណាចរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ។
ក្នុងសុន្ទរកថាមួយនៅថ្ងៃពុធនេះ លោក Zelensky បាននិយាយថាភ្នាក់ងារទាំងពីរនឹងនៅតែ "ធ្វើការ" ប៉ុន្តែចាំបាច់ត្រូវលុបបំបាត់ "ឥទ្ធិពលរបស់រុស្ស៊ី" ។
បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Kyiv តវ៉ាប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញបន្ទុករបស់រុស្ស៊ីក្នុងខែកុម្ភៈឆ្នាំ២០២២។
បាតុកម្ម ក៏ត្រូវបានគេមើលឃើញកើតមាននៅក្នុងទីក្រុង Lviv, Dnipro និង Odesa ផងដែរ។ផ្ទាំងបដាមួយដែលកាន់ដោយបាតុករម្នាក់បាននិយាយថា យើងជ្រើសរើសអឺរ៉ុបមិនមែនផ្ដាច់ការទេ។
ការតវ៉ានេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីភ្នាក់ងារសេវាសន្តិសុខអ៊ុយក្រែន (SBU) បានឆ្មក់ចូលការិយាល័យ Nabu និង Sapo ដោយចោទប្រកាន់ថាមានឧក្រិដ្ឋកម្មយ៉ាងទូលំទូលាយចាប់ពីការជ្រៀតចូលរបស់រុស្ស៊ីរហូតដល់ការបំពានច្បាប់ចរាចរណ៍។ មន្ត្រី Nabu ១០នាក់ត្រូវបានដាក់ឱ្យស្ថិត ក្រោមការស៊ើបអង្កេត ផងដែរ៕


