អង្គការសុខភាពពិភពលោក (WHO) បានចេញការអំពាវនាវជាបន្ទាន់មួយនៅថ្ងៃអង្គារ (២២ កក្កដា) ឱ្យពិភពលោករួមគ្នាទប់ស្កាត់ការរីករាលដាលឡើងវិញនៃមេរោគគ្រុនឈីក ឬហៅឈ្មោះពេញថា ឈីកគន់ហ្គន់យ៉ា (Chikungunya) មានភ្នាក់ងារចម្លងដោយមូសខ្លាញី ដែលបានរីកសាយភាយជុំវិញសកលលោកកាលពី ២ទសវត្សរ៍មុន ខណៈករណីផ្ទុះឡើងថ្មីៗជាច្រើនដែលផ្សារភ្ជាប់ទៅនឹងតំបន់មហាសមុទ្រឥណ្ឌា បានរីករាលដាលដល់ទ្វីបអឺរ៉ុប និងទ្វីបផ្សេងទៀត។

លោកស្រីវេជ្ជបណ្ឌិត Diana Rojas Alvarez មន្ត្រីពេទ្យនៅអង្គការ WHO បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវថា ប្រជាជនប្រមាណ ៥,៦ពាន់លាននាក់ រស់នៅក្នុងតំបន់ទូទាំង ១១៩ប្រទេសក្នុងសកលលោក ជួបហានិភ័យពីវីរុសគ្រុនឈីកនេះ ដែលអាចបង្កឱ្យមានគ្រុនក្តៅខ្លាំង ឈឺសន្លាក់ និងពិការភាពរយៈពេលវែង។
លោកស្រីព្រមានថា "ពិភពលោកកំពុងមើលឃើញប្រវត្តិសាស្ត្រកើតឡើងច្រំដែលម្ដងទៀត" ដោយផ្សារភ្ជាប់ភាពស្រដៀងគ្នានេះទៅនឹងជំងឺរាតត្បាតគ្រុនឈីកពីឆ្នាំ២០០៤ ដល់២០០៥ ដែលប៉ះពាល់ដល់មនុស្សជិតកន្លះលាននាក់ ជាចម្បងក្នុងទឹកដីកោះតូចៗ មុនពេលរីករាលដាលជុំវិញពិភពលោក។
ជំងឺគ្រុនឈីកនេះមិនមានការព្យាបាលជាក់លាក់ទេ ហើយរីករាលដាលជាចម្បងដោយសារភ្នាក់ងារចម្លងវីរុសពីប្រភេទមូស Aedes រួមទាំងមូសខ្លាដែលចម្លងជំងឺគ្រុនឈាមផងដែរ និងមូសប្រភេទ Zika អាចបណ្តាលឱ្យមានការផ្ទុះឡើងយ៉ាងឆាប់រហ័ស និងរីករាលដាលលឿន៕

