សៀមរាប៖ ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ទាំងនៅក្នុងតំបន់ អាស៊ាន និងប្រទេសចិន ដែលនេះជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ការបង្កើនកិច្ចសហប្រតិបត្តិការនេះ គឺធ្វើឡើងក្នុងបរិបទព័ត៌មានក្លែងក្លាយ បានរីកដុះដាល និងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ និងស្របតាមអភិក្រមរបស់កម្ពុជា គឺមិនអនុញ្ញាតឱ្យព័ត៌មានក្លែងក្លាយដឹកមុខយើងនោះទេ។
ការបង្កើនកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារកម្រិតបច្ចេកទេសរវាងក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន តំណាងដោយលោកស្រី Wang Yan សំដៅជំរុញកសាងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានក្នុងឱកាសសន្និសីទកំពូលស្តីពីប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
សូមជម្រាបថា កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី២ ក្រោមប្រធានសំខាន់គឺបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានក្លែងក្លាយ ក្របខណ្ឌកិច្ចសហប្រតិបត្ដិការការទូត និងបច្ចេកវិទ្យាក្នុងការទំនាក់ទំនង៕

