តំបន់ភាគខាងលិចនៃឥណ្ឌូនេស៊ីពេលនេះ កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈចំហេះនៅតែបន្តឆាបឆេះពាសពេញព្រៃ និងវាលស្មៅនៅកោះស៊ូម៉ាត្រា។ តំបន់ចំនួនពីរនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច ឈ្មោះ Solok និង Lima Puluh Kota - បានប្រកាសដាក់ខ្លួនក្នុងភាពអាសន្នកាលពីថ្ងៃអង្គារ (២២ កក្កដា) ដោយសារចំណុចចំហេះថ្មីៗជាច្រើនត្រូវបានរាយការណ៍នៅទីនោះ។

ចំណុចចំហេះដ៏ក្ដៅគគុក - ពោលគឺទីតាំងដែលមានកម្ដៅខ្លាំងក្លាដោយសារចំហេះព្រៃ - នៅកោះស៊ូម៉ាត្រា បានកើនឡើងដល់ជាង ១.០០០កន្លែង ពីតួលេខ ៩៤កន្លែងពីមុន ក្នុងពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះក្នុងខែកក្កដា នេះបើយោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ឥណ្ឌូនេស៊ី។
លោក Ilham Wahab មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តស៊ូម៉ាត្រាខាងលិច បានប្រាប់សារព័ត៌មានស៊ីនហួថា ស្រុកទាំង ១៤ របស់តំបន់ Solok ត្រូវបានរងគ្រោះដោយចំហេះព្រៃយ៉ាងគ្រោះថ្នាក់។
ទីភ្នាក់ងារឧតុនិយមបានព្រមានថា អាចមានចំណុចចំហេះបន្ថែមទៀត ប្រសិនបើលក្ខខណ្ឌស្ងួតនៅតែបន្ត។ ក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិងកំពុងព្យាយាមទប់ស្កាត់ចំហេះព្រៃ ដោយប្រើវិធានការជាច្រើនដូចជាការបង្កើតភ្លៀងសិប្បនិម្មិតជាដើម ប៉ុន្តែហាក់ពុំមានលទ្ធផលធំដុំឡើយ៕

