ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត (QR Code) នៅក្នុងបំណាច់ឆ្នាំ២០២៤ បានកើនឡើងជាង ២៥២ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិក ត្រូវវប្រមាណ ១២៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។
ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្នុងនោះសេវាទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទិន្នន័យអតិថិជនចុះឈ្មោះបង្កើត គណនីកាបូបអេឡិចត្រូនិក (E-wallet) សរុបបានកើនឡើងដល់ប្រមាណ ២០,៧ លានគណនី ពោលគឺកើនឡើងជាង ៥ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ការធ្វើប្រតិបត្តិការតាមរយៈឌីជីថលដោយផ្ទាល់ ពេញនិយមជាងប្រតិបត្តិការតាមបញ្ហារភ្នាក់ងារ ដែលជាហេតុនាំឱ្យមានការថយចុះនៃចំនួនភ្នាក់ងារ។
ក្នុងឆ្នាំ២០២៤នេះ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសមតុល្យរូបិយវត្ថុ អេឡិចត្រូនិកសរុប ដែលបានចេញផ្សាយមានចំនួនជាង ៥៧៥ លានដុល្លារអាមេរិក។ ចំណែកឯសមតុល្យដែលបានរក្សាទុកក្នុង គណនីអាណត្តិព្យាបាល កើនឡើងជាង ៥៨១លានដុល្លារ កើនពី ៤៤៣ លានដុល្លារ កាលពីឆ្នាំ២០២៣។ ការកើនឡើងនេះ បានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់លើសេវាទូទាត់សងប្រាក់តាមបែបឌីជីថល និងក្របខណ្ឌបទប្បញ្ញត្តិដែលគាំទ្រ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥០ គ្រឹះស្ថាន ផ្តល់សេវាធនាគារអ៊ីនធឺណិត និងសេវាធនាគារចល័ត ហើយអ្នកចុះ ឈ្មោះប្រើប្រាស់ អាចធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ ក្នុងនោះចំនួនប្រតិបត្តិការតាមរយៈសេវាធនាគារអ៊ីនធឺណិតក្នុងឆ្នាំ២០២៤ មានការកើនឡើង ១២៦ ភាគរយ ពី ៤,៧ ទៅ ១០,៧ លានប្រតិបត្តិការ និងទំហំប្រាក់មានការកើនឡើងប្រមាណ ៥៥,៦% ពី ១៨,២ទៅ ២៨,៣ ប៊ីលានដុល្លារអាមេរិក ប្រមាណ ៦២% នៃផ.ស.ស។
ចំណែកការទូទាត់ប្រាក់តាមប័ណ្ណទូទាត់ កាន់តែមានភាពទូលំទូលាយ ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានចេញផ្សាយប័ណ្ណទូទាត់ចំនួនប្រមាណ ១២,៧ លានប័ណ្ណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមប័ណ្ណទូទាត់ជារូបវ័ន្ត ក្នុងស្រុកសរុប មានការថយចុះប្រមាណ ២,២% ពីជាង ១៥០ មកត្រឹម ១៤៧ លានប្រតិបត្តិការ ក្នុងទំហំប្រាក់ជិត ២៧ ប៊ីលាន ដុល្លារអាមេរិក ។ ដោយឡែកចំនួនប្រតិបត្តិការប័ណ្ណទូទាត់ជារូបវ័ន្តនៅក្រៅប្រទេស មានការកើនឡើងប្រមាណ ៩,៥% ពី ២,៨ ទៅ ៣,១ លានប្រតិបត្តិការ និងក្នុងទំហំប្រាក់ ១,១ ប៊ីលានដុល្លារអាមេរិក។ ចំណែកឯប្រតិបត្តិការប័ណ្ណទូទាត់តាមអនឡាញសរុបមាន ការកើនឡើងប្រមាណ ២២,៣% និងមានទំហំប្រាក់មានការកើនឡើងប្រមាណ ៤៣,៥% ពី ១ ទៅ ១,៥ ប៊ីលានដុល្លារអាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានដំឡើងម៉ាស៊ីន ATM ចំនួន ៥,៧ ពាន់គ្រឿង និង ៣០ គ្រឹះស្ថានបានតម្លើងម៉ាស៊ីន POS ចំនួន ៥៣,៦ ពាន់គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់លទ្ធភាពទទួលបាន សាច់ប្រាក់កាន់តែងាយស្រួល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ទាំងមូល។ ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត នៅតែទទួលបានការ ពេញនិយម និងទាក់ទាញ ដែលជាមធ្យោបាយទូទាត់ប្រាក់ងាយស្រួល និងសុវត្ថិភាព។ ចំនួនប្រតិបត្តិការទូទាត់តាមឃ្យូអរកូត បាន កើនឡើង ២៥២,៦% ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិកប្រមាណ ១២៤% នៃផ.ស.ស៕ អត្ថបទ៖ សុន រ៉ាឌី

