មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem កាលពីថ្ងៃអង្គារ បានអំពាវនាវដល់ប្រទេសអារ៉ាប់ និងឥស្លាម ចាត់វិធានការជាក់ស្តែង ក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ស្របពេលមានប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងទឹកដីនេះ។

លោក Qassem បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានជាតិលីបង់ថា៖«ការទទួលខុសត្រូវ គឺស្ថិតនៅជាមួយបណ្តារដ្ឋអារ៉ាប់ និងឥស្លាម ទាំងរដ្ឋាភិបាល និងប្រជាជន»។ «ជ្រើសរើសកម្រិតនៃការឆ្លើយតបដែលអ្នកអាចធ្វើបាន ប៉ុន្តែកុំគ្រាន់តែឈរឱកបដៃមើលនោះ»។

លោកបានពណ៌នាយុទ្ធនាការរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាថា ជាផ្នែកនៃការវាយប្រហារដ៏ទូលំទូលាយរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលត្រូវបានសម្គាល់ដោយ «អំពើប្រល័យពូជសាសន៍ ការអត់ឃ្លាន និងការសម្លាប់រង្គាល» ដោយចោទប្រកាន់ប្រទេសទាំងពីរថា បានធ្វើលើសពីបទដ្ឋានមនុស្សធម៌ និងសីលធម៌ទាំងស្រុង។
លោកបានបន្តថា៖«វាមិនគ្រប់គ្រាន់ទេសម្រាប់ប្រទេសនានាដែលគ្រាន់តែអំពាវនាវឲ្យមានបទឈប់បាញ់នោះ។«អ្វីដែលត្រូវការ គឺវិធានការជាក់ស្តែង ទណ្ឌកម្ម ភាពឯកោខាងការទូតរបស់អ៊ីស្រាអែល និងការបញ្ចប់គ្រប់ទម្រង់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសនេះ។
លោកក៏បានអំពាវនាវដល់ប្រទេសអារ៉ាប់ និងឥស្លាមឲ្យបញ្ឈប់កិច្ចខិតខំប្រឹងប្រែងធ្វើប្រក្រតីភាពទំនាក់ទំនង បិទស្ថានទូតអ៊ីស្រាអែល និងរៀបចំការគាំទ្រមនុស្សធម៌សម្រាប់តំបន់ហ្កាហ្សា ដោយនិយាយថា ជំហរបង្រួបបង្រួម អាចផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក។