បន្ទាយមានជ័យ៖ កងទ័ពនៃកងពលតូចថ្មើរជើងលេខ៥១ បានបើកយុទ្ធនាការវ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំក្រុមគ្រូពេទ្យចល័តបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានបញ្ជាក់ថា តាមផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កងពលតូចថ្មើរជើងលេខ៥១ ទទួលការចាក់ជូនប្រជាពលរដ្ឋចំនួន២ទីតាំង ក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដំណើរការចាក់វ៉ាក់សាំងនេះ បានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ទើបបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ។ក្នុងនោះកងទ័ពបានប្រើប្រាស់រថយន្តចល័ត ដើម្បីដំណើរការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។
ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពាររបស់រាជរដ្ឋាភិបាល ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុង។
ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី៣នេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះផងដែរ៕



