ដោយនៅសល់តិចជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់កាណាដា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump បើពុំនោះសោតត្រូវប្រឈមមុខនឹងពន្ធបន្ថែម លោកនាយករដ្ឋមន្រ្តី Mark Carney កាលពីថ្ងៃអង្គារ (២២ កក្កដា) បានបន្ទាបលទ្ធភាពនៃការទម្លាយភាពជាប់គាំង ហើយបង្ហើបថាកាណាដាអាចដើរចេញដោយដៃដៃទទេ ព្រោះទីក្រុងអូតាវ៉ា មិនធ្វើកិច្ចព្រមព្រៀងខាតបង់ឡើយ។
លោក Carney បានលើកឡើងបែបនេះបន្ទាប់ពីកិច្ចប្រជុំបន្ទាន់នៃខេត្តចំនួន១០ និងដែនដីចំនួន៣ របស់កាណាដា ដែលលោកកោះប្រជុំជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក Trump ក្នុងការដាក់ពន្ធ ៣៥% លើការនាំចេញរបស់កាណាដា ចាប់ពីថ្ងៃទី០១ ខែសីហា តទៅ។

នៅពេលត្រូវសាកសួរពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយតាមកាលកំណត់នោះ លោក Carney និយាយថា "កាណាដានឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយប្រសិនបើជាផលប្រយោជន៍ល្អបំផុតរបស់កាណាដា" ប៉ុន្តែក្រោយមកបានបន្ថែមជាភាសាបារាំងថា "កាណាដានឹងមិនធ្វើកិច្ចព្រមព្រៀងក្នុងតម្លៃតបស្នងដ៏ខ្ពស់ណាមួយឡើយ"។
យ៉ាងណាក៏ដោយ លោក Carney មានសុទិដ្ឋិនិយមថាលោកអាចធ្វើកិច្ចព្រមព្រៀងមួយ ដែលនឹងលុបបំបាត់ពន្ធថ្មីរបស់លោក Trump ដែលបានដាក់ក្នុងឆ្នាំ២០២៥នេះ រួមទាំងពន្ធ ៥០% លើដែកថែប និងអាលុយមីញ៉ូម ហើយព្រមទាំងពន្ធ ២៥% ផ្សេងទៀតលើតម្លៃរថយន្តកាណាដា ដោយមិនរាប់បញ្ចូលគ្រឿងបន្លាស់ដែលផលិតនៅសហរដ្ឋអាមេរិកនោះទេ៕

