លោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba នៅថ្ងៃពុធ ២៣ កក្កដា នេះ បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនានា ដែលបានរាយការណ៍ថា លោកនឹងចុះពីតំណែងនៅចុងខែក្រោយ ខណៈជោគវាសនានយោបាយរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះនៅតែមិនច្បាស់លាស់។
លោក Ishiba បានប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃពុធនេះប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា "អ្វីដែលត្រូវបានរាយការណ៍ មិនមែនជារឿងពិតនោះទេ"។

ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរាយការណ៍ថា លោក Ishiba បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសលាលែងពីតំណែងរបស់លោកនៅប៉ុន្មានសប្តាហ៍ខាងមុខ ដោយនាយករដ្ឋមន្ត្រីរូបនេះបានប្រាប់ទីប្រឹក្សាជិតស្និទ្ធថាលោកបានធ្វើការសម្រេចចិត្តមួយរួចហើយ បន្ទាប់ពីក្រុមចម្រុះបក្សប្រជាធិបតេយ្យសេរីនិយម LDP របស់លោកបានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។
លោក Ishiba ធ្លាប់បានលើកឡើងថាការចរចាពន្ធជាមួយទីក្រុងវ៉ាស៊ីនតោន ជាកត្តាសំខាន់មួយនៅពីក្រោយការសម្រេចចិត្តរបស់លោកក្នុងការបន្តកាន់តំណែង បន្ទាប់ពីលទ្ធផលឆ្នោតមិនល្អ។ ប៉ុន្តែឥឡូវនេះ ក្រោយពេលសម្រេចកិច្ចព្រមព្រៀងពន្ធជាមួយអាមេរិករួច និងសម្ពាធកាន់តែខ្លាំងក្នុងបក្ស LDP ដែលកំពុងកាន់អំណាចរបស់លោកផ្ទាល់ឱ្យចុះពីតំណែង ជោគវាសនានយោបាយរបស់លោក Ishiba ស្ថិតក្នុងភាពស្រពេចស្រពិល ហើយអាចមានលទ្ធភាពខ្ពស់នៃការជ្រើសរើសមេដឹកនាំថ្មី៕

