ក្រុមឃ្លាំមើលសមរភូមិប្រភពបើកចំហ DeepState និងទាហាននៅលើជួរមុខបាននិយាយកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា កងកម្លាំងរុស្ស៊ី បានវាយរុលចូលទៅក្នុងទីក្រុងជួរមុខ Pokrovsk នៅតំបន់ Donetsk Oblast របស់អ៊ុយក្រែនបានហើយ ខណៈពេលដែលកងកម្លាំងទីក្រុងគីវ ប្រឹងប្រែងវាយរុញចេញទៅវិញ។

យោងតាម DeepState បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានវាយលុកទីក្រុងនេះពីទិសដៅ Zvirove នៅពេលប៉ុន្មានថ្ងៃមុននោះ បន្ទាប់ពីបានចាប់ឱកាសលើជំហរថ្មើរជើងទន់ខ្សោយរបស់អ៊ុយក្រែន និងការរាយការណ៍ពីស្ថានភាពជួរមុខមិនត្រឹមត្រូវ។ ការសម្រុកចូលមានកម្រិតនេះត្រូវរាយការណ៍ថាបានជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ពីអង្គភាពអ៊ុយក្រែន ដើម្បីទប់ស្កាត់រស្ថានភាព "មិនឱ្យរីករាលដាលទៅជាគ្រោះមហន្តរាយ"។
ទីក្រុង Pokrovsk នេះស្ថិតនៅជុំវិញ ៦៧គីឡូម៉ែត្រ ភាគពាយព្យនៃតំបន់ Donetsk កាន់កាប់ដោយរុស្ស៊ី ហើយបានលេចចេញជាចំណុចក្តៅគគុកបំផុតមួយតាមបណ្តោយខ្សែបន្ទាត់ជួរមុខប្រវែង ១.២០០គីឡូម៉ែត្រ នៅក្នុងការវាយលុកដែលកំពុងបន្តរបស់ទីក្រុងមូស្គូ នៅភាគខាងកើតអ៊ុយក្រែន៕

