រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noël Barrot បាននិយាយកាលពីថ្ងៃអង្គារ (២២ កក្កដា) ថា កិច្ចចរចាសន្តិភាពជុំទីបី ដែលគ្រោងចាប់ផ្តើមនៅថ្ងៃពុធ ២៣ កក្កដា នេះរវាងរុស្ស៊ី និងអ៊ុយក្រែន នៅប្រទេសទួរគី ប្រហែលជាអាចបើកផ្លូវនាំទៅរកកិច្ចប្រជុំរវាងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងគោលបំណងសម្រេចបទឈប់បាញ់មួយ។
ថ្លែងក្នុងទស្សនកិច្ចនៅភាគខាងកើតអ៊ុយក្រែន ប្រមុខការទូតបារាំងរូបនេះបានលើកឡើងថា "ជារឿងវិជ្ជមានណាស់ដែលការពិភាក្សាអាចបន្តថែមទៀត ហើយទៅមុខបានក្នុងលក្ខខណ្ឌដែលនាំទៅរកជំនួបកំពូលនៅកម្រិតប្រមុខរដ្ឋប៉ុណ្ណោះរវាងលោក Zelenskiy និងលោក Putin នៅក្នុងជំនួបដ៏សំខាន់មួយដែលអាចឈានដល់បទឈប់បាញ់"។

លោក Zelenskiy បានបញ្ជាក់រួចមកហើយកាលពីថ្ងៃចន្ទថា ជុំថ្មីនៃកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃពុធនេះ បន្ទាប់ពីកិច្ចពិភាក្សា ២លើកកាលពីមុននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល មិនបានផ្លែផ្កាច្រើនក្នុងការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែពុំបានលើកពីលទ្ធភាពនៃជំនួបកំពូលជាមួយលោក Putin ទេ។
វិមានក្រឹមឡាំង បាននិយាយកាលពីពាក់កណ្ដាលខែឧសភាថា លោក Putin អាចនឹងជួបជាមួយលោក Zelenskiy ប៉ុន្តែលុះត្រាតែមានកិច្ចព្រមព្រៀងជាក់លាក់ត្រូវបានសម្រេចប៉ុណ្ណោះ ដោយមិនបញ្ជាក់ឡើយថាជាកិច្ចព្រមព្រៀងអ្វីខ្លះ។ គួរឱ្យដឹងថា លោក Putin និងលោក Zelenskiy មិនបានជួបគ្នាដោយផ្ទាល់នោះទេតាំងតែពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ៕

