ទឹកជំនន់បានវាយលុកខេត្ត Nan ភាគខាងជើងប្រទេសថៃនៅថ្ងៃពុធ ទី២៣ កក្កដានេះ បន្ទាប់ពីព្យុះត្រូពិក Wipha ឆ្លងកាត់ ដោយអ្នកស្រុកត្រូវបានគេមើលឃើញដើរកាត់ទឹកត្រឹមចង្កេះ ខណៈភ្លៀងនៅតែបន្តធ្លាក់។ យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ព្យុះដែលបានបោកបក់នៅខេត្តភាគខាងជើងខេត្ត Ninh Binh និងខេត្ត Thanh Hoa កាលពីថ្ងៃអង្គារ ទី២២ ខែកក្កដា បាននាំមកនូវល្បឿនខ្យល់រហូតដល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។ វាបានថយចុះពីប្រហែល ១០០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាខិតជិតឆ្នេរសមុទ្រ។ ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះនេះ បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកមួយចំនួននៅភាគខាងជើងប្រទេសថៃ រួមទាំងខេត្ត Nan ជាកន្លែងដែលផ្លូវនានាត្រូវបានជន់លិច ហើយការដឹកជញ្ជូនក្នុងតំបន់ត្រូវបានរំខាន។ អាជ្ញាធរខេត្ត Nan បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកទីបីរបស់ខ្លួន ដោយព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ស្ថានភាពគ្រោះមហន្តរាយដែលអាចកើតឡើងដោយសារឥទ្ធិពលព្យុះ។

ជាមួយគ្នានេះ រដ្ឋាភិបាលក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិនបានសម្លាប់មនុស្ស២នាក់ និង១០នាក់ទៀតបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់រយៈពេល៥ម៉ោង។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ជនជាតិចិនពីរនាក់បានស្លាប់នៅក្នុងប្រទេសថៃដោយសារតែព្យុះត្រូពិក។
នៅក្នុងប្រទេសហ្វីលីពីន ទឹកជំនន់ដែលបង្កឡើងដោយប្រព័ន្ធអាកាសធាតុបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ ៨នាក់បាត់ខ្លួន និងពលរដ្ឋជាង១,៤លាននាក់រងផលប៉ះពាល់នៅទូទាំងប្រទេស គិតត្រឹមថ្ងៃពុធនេះ ដោយទីក្រុងម៉ានីល បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសហ្វីលីពីនបានទទួលរងភ្លៀងធ្លាក់ រួមទាំងព្យុះទីហ្វុង Wipha បណ្តាលឱ្យមានទឹកជំនន់រាលដាល។
