បើយោងតាមការវិភាគថ្មីមួយ បានបង្ហាញឲ្យឃើញថា ការដាក់ទណ្ឌកម្មអាចបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតច្រើន មិនខុសពីជម្លោះប្រដាប់អាវុធនោះឡើយ ដោយការចេញវិធានការនេះជាឯកតោភាគីត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់ជាងកន្លះលាននាក់ ក្នុងមួយឆ្នាំ។
ការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet Global Health បានរកឃើញថា ទណ្ឌកម្មជាឯកតោភាគី និងលើសេដ្ឋកិច្ចដែលដាក់ដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) នាំឲ្យមានការកើនឡើងខ្ពស់នូវអត្រាមរណភាពដែលប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ។ លទ្ធផលនៃការសិក្សា បានបង្ហាញទៀតថា ទណ្ឌកម្មអាចរារាំងការផ្តល់សេវាសុខភាពសាធារណៈ និងធ្វើឲ្យអង្គការមនុស្សធម៌មិនអាចធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើង។

អ្នកស្រាវជ្រាវបានរកឃើញថា ទណ្ឌកម្មឯកតោភាគីបណ្តាលឲ្យមានអ្នកស្លាប់ជាង ៥៦០.០០០នាក់ ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ជាតួលេខស្ថិតក្នុងរង្វង់ដែលអ្នកស្រាវជ្រាវបានគណនា សម្រាប់ការស្លាប់ប្រចាំឆ្នាំ ដោយសារជម្លោះប្រដាប់អាវុធដោយផ្អែកលើការសិក្សា និងការគណនាផ្ទាល់ខ្លួនរបស់ពួកគេពីអតីតកាល។
អ្នកស្រាវជ្រាវដែលការងាររបស់ពួកគេ ត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានស្រាវជ្រាវជឿនលឿនមួយ គឺមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ បានសិក្សាទៅលើអត្រាមរណភាពតាមក្រុមអាយុ នៅក្នុងប្រទេសចំនួន ១៥២ អំឡុងពេលមានការដាក់ទណ្ឌកម្ម ចន្លោះឆ្នាំ១៩៧១ និងឆ្នាំ២០២១។
ការរកឃើញរបស់ពួកគេ មានភាពស៊ីសង្វាក់គ្នាលើវិធីសាស្រ្តចំនួន ៤ ដូចជាការដាក់ទណ្ឌកម្មជាសកល សេដ្ឋកិច្ច និងជាឯកតោភាគីជាដើម ដែលទាំងអស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំនួនអ្នកស្លាប់ច្រើនឡើងៗ។ តែទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) គឺមិនមានភស្តុតាងបង្ហាញពីកម្រិតប៉ះពាល់ធ្ងន់ធ្ងរខ្ពស់បំផុតណាមួយឡើយ។
បើយោងតាមការសិក្សានេះដែលបានដកស្រង់តួលេខមូលដ្ឋានទិន្នន័យទណ្ឌកម្មសកល បានបញ្ជាក់ថា ប្រទេសប្រមាណ ២៥ភាគរយ ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ឬអង្គការសហប្រជាជាតិ ចន្លោះឆ្នាំ២០១០ និងឆ្នាំ២០២២ ដោយកើនឡើងពីកម្រិត ៨ភាគរយ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០៕
