សហភាពអឺរ៉ុប (EU) បានព្រមានអ៊ីស្រាអែល អំពីការដាក់ចេញនូវវិធានការ ជុំវិញវិបត្តិអត់ឃ្លានកាន់តែអាក្រក់ឡើងៗ នៅក្នុងតំបន់ហ្កាហ្សា ជាទីដែលចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់ដោយសារការស្រេកឃ្លាន បានកើនឡើងដល់យ៉ាងហោចណាស់ ១០១នាក់។
ការព្រមានពីប្រធានគោលនយោបាយការបរទេសរបស់ EU គឺលោកស្រី Kaja Kallas បានធ្វើឡើងកាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា) ស្របពេលដែលសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា បេសកជនពិសេសរបស់ប្រធានាធិបតី លោក Donald Trump នឹងធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីបើកកិច្ចពិភាក្សា ស្ដីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ក្នុងសប្តាហ៍នេះ។

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X លោកស្រី Kallas បានរៀបរាប់ថា៖ «ជម្រើសគ្រប់យ៉ាង នៅតែស្ថិតលើតុដដែល ប្រសិនបើអ៊ីស្រាអែលមិនបំពេញតាមការសន្យារបស់ខ្លួន ពោលគឺការបង្កើនលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងដែនដីមួយនេះ (ហ្កាហ្សា)»។
ជាមួយគ្នានេះ លោកស្រីក៏បានលើកឡើងផងដែរថា ការសម្លាប់ជនស៊ីវិលដែលស្វែងរកជំនួយ នៅតំបន់ហ្កាហ្សារបស់អ៊ីស្រាអែលគឺ «មិនអាចការពារបានសោះ» ហើយថា លោកស្រីបាននិយាយទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល លោក Gideon Saar «ដើម្បីរំលឹកឡើងវិញនូវការសន្យាយោគយល់គ្នារបស់យើង អំពីលំហូរជំនួយ និងបានបញ្ជាក់យ៉ាងច្បាស់ថា (យោធាអ៊ីស្រាអែល) ត្រូវតែបញ្ឈប់ការសម្លាប់មនុស្ស នៅទីកន្លែងចែកចាយជំនួយ»។
បើយោងតាមសេចក្ដីរារការណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានឲ្យដឹងថា សហរដ្ឋអាមេរិកបានឲ្យដឹងថា បេសកជនរបស់លោក Trump គឺលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសអឺរ៉ុបមួយ ដើម្បីពិភាក្សាពីបទឈប់បាញ់ ក៏ដូចជាការបញ្ចប់ឲ្យបានរួចរាល់នូវ «ច្រករបៀងផ្ដល់ជំនួយ" សម្រាប់តំបន់ហ្កាហ្សាផងដែរ។ បន្ទាប់មករូបលោកអាចនឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា សម្រាប់ការពិភាក្សាបន្ថែមទៀត៕


