អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃអង្គារ (ទី២២ ខែកក្កដា) បានអំពាវនាវឲ្យមានការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញការវាយប្រហារតាមអាកាសបង្ហូរឈាមរបស់អ៊ីស្រាអែលលើពន្ធនាគារ Evin ក្នុងទីក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលសង្រ្គាមរយៈពេល ១២ថ្ងៃកាលពីខែមុន។
បើយោងតាមចំនួនបណ្ដោះអាសន្នពីអាជ្ញាធរអ៊ីរ៉ង់ បានបង្ហាញថា ការវាយប្រហារដែលអះអាងទទួលខុសត្រូវដោយអ៊ីស្រាអែល បានសម្លាប់មនុស្ស ៧៩នាក់។ ការវាយប្រហារនោះក៏បានបំផ្លាញផ្នែកខ្លះនៃអគាររដ្ឋបាល នៅពន្ធនាគារ Evin ដែលជាអគារដ៏ធំ និងរឹងមាំខ្លាំង នៅភាគខាងជើងនៃទីក្រុងតេអេរ៉ង់ ដែលក្រុមសិទ្ធិមនុស្សប្រាប់ថា ផ្ទុកអ្នកទោសនយោបាយ និងជនបរទេស។

អង្គការលើកលែងទោសអន្តរជាតិនេះ ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធ្វើយុទ្ធនាការ ដើម្បីការពារសិទ្ធិមនុស្ស បានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា មាន «ចេតនា« និង «ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ»។ ស្ថាប័ននេះបានបន្ថែមថា ការវាយប្រហារតាមអាកាសនេះ គួរតែត្រូវបាន «ស៊ើបអង្កេតផ្លូវច្បាប់ ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម»។
ដោយផ្អែកតាមការវាយតម្លៃរបស់ខ្លួនលើអ្វីដែលខ្លួនបាននិយាយថា ជារូបភាពវីដេអូ រូបភាពផ្កាយរណប និងសេចក្តីថ្លែងការណ៍របស់សាក្សី អង្គការលើកលែងទោសមួយនេះបានបញ្ជាក់បន្ថែមថា៖ «យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាច្រើនដងលើពន្ធនាគារ Evin ដែលបានបណ្ដាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ហើយបង្កឲ្យមានការខូចខាត និងការបំផ្លិចបំផ្លាញយយ៉ាងធ្ងន់ធ្ងរយ៉ាងតិចលើទីតាំងចំនួន ៦ នៅទូទាំងបរិវេណពន្ធនាគារនេះ»៕
