វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Ashleigh Barty បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ Adelaide International ក្រោយយកឈ្នះកីឡាការិនី Elena Rybakina នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាការចូលរួមប្រកួតកម្មវិធីដំបូងសំរាប់កីឡាការិនីអូស្ត្រាលី Ashleigh Barty តាំងពី US Open កាលពីខែកញ្ញា។

Ashleigh Barty បានយកឈ្នះក្នុងលទ្ធផល ៦-៣ និង ៦-២ ដើម្បីលើកពាន Adelaide International នេះជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ។ Barty ក៏នឹងត្រូវចូលរួមការប្រកួតមួយកម្មវិធីទៀតគឺ Sydney Classic ដែលជាការប្រកួតកំដៅសាច់ដុំត្រៀមលក្ខណៈចុងក្រោយមុនប្រកួត Grand Slam, Australian Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករានេះ។ ងាកមកមួយកម្មវិធីទៀត អតីតកីឡាការិនីលេខ ១ ពិភពលោក Simona Halep ក៏បានគ្រងជើងឯកផងដែរនៅកម្មវិធី Melbourne Summer Set ក្រោយយកឈ្នះកីឡាការិនី Veronika Kudermetova។ កីឡាការិនីរ៉ូម៉ានីរូបនេះបានយកឈ្នះកីឡាការិនីរុស្ស៊ី Veronika Kudermetova ដោយលទ្ធផល ៦-២ និង ៦-៣ ចំណាយពេល ១ម៉ោង ១៤នាទី៕
អត្ថបទ៖នាង សុភាវុធ