ក្រសួងការពារជាតិរុស្ស៊ី និយាយថា នៅថ្ងៃពុធនេះ រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកដ៏សំខាន់របស់ខ្លួនពាក់ព័ន្ធនឹងនាវាជាង ១៥០គ្រឿង និងកងទ័ពជើងទឹក ១៥.០០០នាក់ នៅមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាកទិក សមុទ្របាល់ទិក និងសមុទ្រកាសព្យែន ។
ក្រសួងនិយាយថា សមយុទ្ធ “ព្យុះខែកក្កដា(July Storm)” ចាប់ពីថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ២៧ ខែកក្កដា នឹងធ្វើតេស្តការត្រៀមខ្លួនរបស់កងនាវា សម្រាប់ប្រតិបត្តិការមិនស្តង់ដា ការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ និងបច្ចេកវិទ្យាទំនើបផ្សេងទៀត រួមទាំងប្រព័ន្ធគ្មានមនុស្សបើកផងដែរ ។

ពួកគេបន្តថា នៅក្នុងសមុទ្រ ក្រុមនាវិកនឹងអនុវត្តការដាក់ពង្រាយទៅកាន់តំបន់ប្រយុទ្ធ ចុះប្រតិបត្តិការប្រឆាំងនាវាមុជទឹក ការពារតំបន់ដាក់ពង្រាយកងទ័ព និងសកម្មភាពសេដ្ឋកិច្ច ។
ពួកគេនឹងប្រតិបត្តិផងដែរ ការវាយប្រហាររុញច្រាន ដោយអាវុធវាយប្រហារតាមច្រកអាកាស ទូកគ្មានមនុស្សបើក និងយានដ្រូនប្រឆាំងសត្រូវ ជាការធានាដល់សុវត្ថិភាពការធ្វើនាវាចរណ៍ វាយប្រហារគោលដៅសត្រូវ និងក្រុមកងទ័ពជើងទឹក ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ទៀតថា យន្តហោះចម្បាំងជាង ១៥០គ្រឿង នឹងចូលរួមសមយុទ្ធយោធានេះ ហើយនិងមានប្រព័ន្ធមីស៊ីលតំបន់ឆ្នេរ ១០គ្រឿង ។
លោកឧត្តមនាវីឯក Alexander Moiseev ដែលជាមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី នឹងដឹកនាំសមយុទ្ធយោធានេះ ។
សូមបញ្ជាក់ថា រុស្ស៊ីជាប់ចំណាប់ថ្នាក់ជាកងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតទី ៣របស់ពិភពលោក បន្ទាប់ពីចិន និសហរដ្ឋអាមេរិក បើទោះបីជាពួកគេបាត់បង់កម្លាំងនៅក្នុងសង្រ្គាមអ៊ុយក្រែនក៏ដោយ ៕


