ប្រទេសទួរគី និងអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឲ្យទីក្រុងអង់ការ៉ា ក្លាយជាអ្នកប្រើប្រាស់យន្តហោះចម្បាំង Eurofighter Typhoon ក្នុងជំហានដ៏ធំមួយ ឆ្ពោះទៅរកការធានាការទិញយន្តហោះដែលទួរគី បានចរចាអស់ជាច្រើនឆ្នាំហើយនោះ។

ក្រុមហ៊ុនទួរគី បាននឹងកំពុងពិភាក្សាគ្នា ដើម្បីទិញយន្តហោះចំនួន ៤០គ្រឿង ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និងអេស្ប៉ាញ ដែលតំណាងដោយក្រុមហ៊ុន Airbus, BAE Systems និង Leonardo។
នាពេលមុននេះ ទស្សនាវដ្ដី Spiegel បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ ក៏បានត្រួសត្រាយផ្លូវសម្រាប់ការបញ្ជូនយន្តហោះចម្បាំងចំនួន ៤០គ្រឿង ទៅឲ្យប្រទេសទួរគី បន្ទាប់ពីការសម្រេចចិត្តជាវិជ្ជមានដោយក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ។
