ប្រធានមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា និយាយថា កុមារ ២១នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាន ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ស្របពេលដែលស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅ ហើយប្រតិបត្តិការសឹកអ៊ីស្រាអែលនៅតែបន្ត ។
លោកវេជ្ជបណ្ឌិត Mohammed Abu Salmiya គឺជាប្រធានមន្ទីរពេទ្យ Al-Shifa Medical Complex និយាយថា កុមារ ២១នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាននៅតាមតំបន់ជាច្រើន នៅទូទាំងហ្កាហ្សាស្រ្ទីប ។
លោកបានព្រមានថា ករណីស្លាប់ថ្មីនឹងមកដល់រាល់ពេលនៅតាមមន្ទីរពេទ្យសេសសល់ដែលនៅអាចដំណើរការ ហើយលោកបញ្ជាក់ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែនដីបិទច្រកមួយនេះ នឹងមានចំនួនមនុស្សស្លាប់ដោយសារភាពអត់ឃ្លានក្នុងចំនួនអាសន្ន បើសិនជាស្ថានភាពពុំល្អប្រសើរទេនោះ ។

តំបន់ហ្កាហ្សាដែលមានមនុស្សរស់នៅជាង ២លាននាក់ បានជួបកង្វះស្បៀងអាហារ ទឹក និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តធ្ងន់ធ្ងរបំផុត ក្នុងនោះអ្នកស្រុកជាច្រើន ត្រូវបានសម្លាប់ អំឡុងពេលព្យាយាមទទួលជំនួយនៅចំណុចចែកចាយមានដែនកំណត់របស់មូលនិធិមនុស្សធម៌ហ្កាហ្សា គាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres បានរៀបរាប់តំបន់ហ្កាហ្សាថាជា “ការបង្ហាញក្តីរន្ធត់” ដោយលោកបានលើកឡើងពីកម្រិតមនុស្សស្លាប់ដ៏លើសលប់ និងការបំផ្លិចបំផ្លាញដោយគ្មានដែនកំណត់ ក្នុងពេលថ្មីៗនេះ ។
គ្រូពេទ្យនៅតំបន់ហ្កាហ្សា និយាយថា មនុស្ស ១៥នាក់ បានស្លាប់ដោយសារការស្រេកឃ្លានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ រួមទាំងទារក Yousef អាយុ ៦សប្តាហ៍ ដែលសាកសពរបស់ទារកម្នាក់នេះ ត្រូវបានគេថតនៅលើតុមន្ទីរពេទ្យ ស្ថិតក្នុងទីក្រុងហ្កាហ្សា ហើយស្បែករបស់គេបានដណ្តប់ឆ្អឹងទៅហើយ ៕


