សៀមរាប៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអះអាងថា ក្រសួងនៅតែបន្តធ្វើកំណែទម្រង់ និងយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀន និងរៀនតាមបែបគន្លងថ្មី ដើម្បីបង្កើនសមត្ថភាពរបស់សិស្ស អាចចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងឱកាសអបអរសាទរពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា ការអប់រំប្រកបដោយចីរភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស។
ឯកឧត្តមបន្តថា ឆ្នាំសិក្សាថ្មី២០២១-២០២២នេះ ក្រសួងអប់រំយុវជននិងកីឡា នៅតែបន្តអនុវត្តតាមគន្លងប្រក្រតីភាពថ្មី នៃការអប់រំ ដោយត្រូវបន្តយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិក្សា ទាំងការបង្រៀននិងរៀនតាមបែបថ្មី ធ្វើយ៉ាងណាធានាឱ្យបុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ មានសុខភាពល្អ មិនឆ្លងជំងឺកូវីដ១៩ និងធានាបាននូវនិរន្តរភាព នៃការសិក្សាប្រកបដោយគុណភាព។ ការបន្តធ្វើកំណែទម្រង់ក្នុងវិស័យអប់រំ ជាពិសេសការបន្តប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្ស ក្នុងបរិបទកូវីដ១៩នេះ នឹងជួយបង្កើនសមត្ថភាពរបស់សិស្ស ឱ្យក្លាយជាពលរដ្ឋល្អ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីអភិវឌ្ឍន៍កម្ពុជា ឱ្យក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់បន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព៕




